ក្រសួងសុខាភិបាល និងសេវាកម្មមនុស្សធម៌សហរដ្ឋអាមេរិក(HHS) និយាយថា មនុស្សម្នាក់ ក្នុងចំណោមពលរដ្ឋអាមេរិក ១៧នាក់ ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីនាវាកម្សាន្តប្រណីតរងការវាយប្រហារដោយវីរុស Hanta បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសមួយនេះ ខណៈពលរដ្ឋទី ២ ចេញរោគសញ្ញាស្រាល ។
HHS និយាយថា ពលរដ្ឋសហរដ្ឋអាមេរិកទាំងអស់ ត្រូវបានដឹកតាមយន្តហោះទៅកាន់ប្រទេសកំណើតរបស់ខ្លួន ហើយអ្នកដំណើរ ២នាក់ដែលមានរោគសញ្ញា បានធ្វើដំណើរនៅក្នុងបន្ទប់ជីវសាស្រ្តរបស់យន្តហោះ ។ អ្នកដំណើរទី ២ដែលមានរោគសញ្ញាស្រាល ពុំត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសនោះទេ ។

វីរុស Hanta គឺជាក្រុមវីរុសដែលតាមធម្មតាឆ្លងដោយសារសត្វកណ្តុរ ប៉ុន្តែក្នុងករណីកម្រ វាអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ។
យន្តហោះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដឹកអ្នកដំណើរទៅកាន់មន្ទីរព្យាបាល RESPTC ស្ថិតនៅសាកលវិទ្យាល័យ Nebraska Medical Center ក្នុងទីក្រុង Omaha រដ្ឋ Nebraska ហើយអ្នកដំណើរដែលមានរោគសញ្ញា នឹងត្រូវបញ្ជូនទៅកាន់មន្ទីរព្យាបាល RESPTC ទី ២ ។
ខណៈពេលនោះដែរ ប្រមុខអង្គការសុខភាពពិភពលោក(WHO) បាននិយាយថា ការផ្ទុះឡើងនៃវីរុស Hanta បច្ចុប្បន្ន ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស ៣នាក់នោះ មិនមែនជាជំងឺ COVID-19 ផ្សេងទៀតនោះទេ។
អគ្គលេខាធិការអង្គការ WHO លោក Tedros Adhanom Ghebreyesus បានចែករំលែកសារបែបនេះ នៅក្នុងបណ្ដាញសង្គម X ផ្ញើទៅកាន់អ្នកស្រុកកោះ Tenerife ជាកន្លែងដែលនាវាទេសចរណ៍ប្រឈមនឹងការផ្ទុះឡើងនៃវីរុស Hanta ។
សូមបញ្ជាក់ថា នាវាទេសចរណ៍ដែលរងការវាយប្រហារដោយវីរុស Hanta បានទៅដល់កោះ Tenerife របស់អេស្ប៉ាញ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ៕
