ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា រុស្ស៊ីជិតសម្រេចបានកិច្ចព្រមព្រៀងប្រេង និងឧស្ម័នជាមួយចិន ។
លោកពុំបានផ្តល់រឿងរ៉ាវលម្អិតនៃកិច្ចព្រមព្រៀងនាពេលអនាគតនោះទេ ប៉ុន្តែលោកបញ្ជាក់ថា វាអាចនឹងត្រូវបញ្ចប់ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចិន នៅដំណាច់ខែឧសភាខាងមុខនេះ ។
លោកនិយាយថា លោកមិននិយាយពីវាឥឡូវនេះទេ ប៉ុន្តែជាគោលការណ៍ ពួកយើងស្ថិតនៅក្នុងដំណាក់កាលសំខាន់នៃកិច្ចព្រមព្រៀង ស្ថិតក្នុងជំហានឆ្ពោះទៅរកវិស័យឧស្ម័ន និងប្រេង ។
ពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមអ៊ុយក្រែនវិញ លោក Putin និយាយថា រុស្ស៊ីមិនប្រឆាំងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែននៅក្នុងប្រទេសទី ៣នោះទេ ដើម្បីបញ្ចប់ជម្លោះនៅតែបន្តនេះ ។
លោក Putin និយាយថា នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានទទួលសារពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបង្ហាញពីបំណងចង់ជួបជាមួយរូបលោក ។
លោកថា រុស្ស៊ីគ្មានការជំទាស់នឹងកិច្ចប្រជុំនោះទេ ហើយប្រសិនបើលោក Zelenskyy មានឆន្ទៈ លោកនឹងស្វាគមន៍មកកាន់ទីក្រុងមូស្គូ ដោយបន្ថែមថា រុស្ស៊ីក៏មិនមានការជំទាស់នឹងការជួបពិភាក្សានៅក្នុងប្រទេសទី ៣ដែរ ប្រសិនបើកិច្ចពិភាក្សាមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយ ៕