ក្រសួងការបរទេសប៉ាគីស្ថានបានឲ្យដឹងនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេសប៉ាគីស្ថាន ស្តីបន្ទោសក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាន នៅអាហ្វហ្គានីស្ថាន ពាក់ព័ន្ធនឹងការវាយប្រហារលើប៉ុស្តិ៍នគរបាលមួយកន្លែងដែលបានសម្លាប់បុគ្គលិក ១៥នាក់ កាលពីចុងសប្តាហ៍ ដែលជាការបង្ហាញពីការមានភាពតានតឹងថ្មី រវាងប្រទេសជិតខាង ដែលបានប៉ះទង្គិចគ្នាដោយយោធា ដោយសារបញ្ហានេះ នៅឆ្នាំនេះ។
នគរបាលប៉ាគីស្ថានបាននិយាយថា បុគ្គលិកនគរបាលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅប៉ុស្តិ៍នគរបាលមួយកន្លែង នៅភាគពាយ័ព្យប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ ដែលតាមមកដោយការវាយឆ្មក់លើកងកម្លាំងដែលប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ។
ក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការស៊ើបអង្កេតលម្អិត អំពីឧប្បត្តិហេតុនេះ រួមជាមួយនឹងភស្តុតាងដែលប្រមូលបាន និងចារកម្មបច្ចេកទេស បង្ហាញថា ការវាយប្រហារនេះត្រូវបានដឹកនាំដោយភេរវករដែលរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
អ្នកនាំពាក្យរង លោក Hamdullah Fitrat បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន មិនមានអ្វីត្រូវអត្ថាធិប្បាយនៅពេលនេះទេ។
គួរបញ្ជាក់ថា ទីក្រុងអ៊ីស្លាម៉ាបាដបានស្តីបន្ទោសក្រុងកាប៊ុលថា បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធដែលខ្លួន ចាត់ទុកថា ប្រើប្រាស់ដែនដីអាហ្វហ្គានីស្ថាន ដើម្បីរៀបចំផែនការវាយប្រហារ លើប៉ាគីស្ថាន។ ក្រុមតាលីបង់បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយបានប្រាប់ថា អំពើរបស់ក្រុមសកម្មប្រយុទ្ធ នៅប៉ាគីស្ថាន គឺជាបញ្ហាផ្ទៃក្នុង៕