ក្រសួងការបរទេសកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា នាវាដឹកទំនិញមួយគ្រឿងប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងត្បូង HMM រងការវាយប្រហារដោយវត្ថុគ្មានអត្តសញ្ញាណចំនួន ២ នៅថ្ងៃទី ៤ ខែឧសភា ពេលដែលវាជាប់នៅច្រកសមុទ្រ Hormuz ។
កាលពីរយៈពេល ១សប្តាហ៍មុន ទីក្រុងសេអ៊ូល បានរាយការណ៍ពីការផ្ទុះ និងអគ្គិភ័យនៅលើនាវា HMM Namu ខណៈនាវាបោះយុថ្កានៅជិតតំបន់ឆ្នេរអារ៉ាប់រួម ។ គ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ នៅក្នុងឧបទ្ទេវហេតុមួយនេះ ។
អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងនិយាយថា វត្ថុនោះបានបុកផ្នែកខាងក្រោយឆៀងខាងឆ្វេងរបស់នាវា នៅវេលាម៉ោង ៣ និង ៣០នាទី ។
ពាក់ព័ន្ធនឹងឧបទ្ទេវហេតុនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ការស្តីបន្ទោសឧបទ្ទេវហេតុមួយនេះ លើការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈក្រសួងការបរទេសកូរ៉េខាងត្បូង និយាយថា មូលហេតុនៃអគ្គិភ័យ នឹងត្រូវបញ្ជាក់ ក្រោយនាវាសណ្តោងវិលត្រឡប់មកដល់កំពង់ផែវិញ ហើយនិងក្រោយការអង្កេត ៕