ទីភ្នាក់ងារសង្រ្គោះក្នុងស្រុក និយាយថា ពលរដ្ឋសិង្ហបុរី ២នាក់ ដែលបាត់ខ្លួន បន្ទាប់ពីបន្ទុះភ្នំភ្លើង Dukono នៅលើកោះ Halmahera របស់ឥណ្ឌូនេស៊ី ត្រូវបានបញ្ជាក់ថា បានស្លាប់ ។
លោក Iwan Ramdani គឺជាប្រធានទីភ្នាក់ងារសង្រ្គោះក្នុងស្រុកនិយាយថា ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពមនុស្ស ២នាក់ ឱបគ្នានៅក្រោមកម្ទេចកម្ទីថ្ម ជុំវិញមាត់ភ្នំភ្លើង ។
លោកថា ប្រតិបត្តិការយកសាកសព ជួបការលំបាកខ្លាំង ដោយសារតែស្ថានភាពទីចោទ និងមានភ្លៀងធ្លាក់ខ្លាំង ហើយការធ្វើកោសល្យវិច្ច័យ នឹងធ្វើឡើងនៅមន្ទីរពេទ្យក្នុងស្រុក ។
លោក Iwan បន្តថា បុគ្គលិកប្រហែល ១៥០នាក់ និងយានដ្រូន ២គ្រឿង ត្រូវបានដាក់ពង្រាយ ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ផ្តោតសំខាន់លើតំបន់នៅចម្ងាយប្រហែល ១០០-១៥០ម៉ែត្រពីមាត់ភ្នំភ្លើង ។
សូមបញ្ជាក់ថា ភ្នំភ្លើង Dukono ស្ថិតក្នុងខេត្ត North Maluku ជាប់មហាសមុទ្រប៉ាស៊ីហ្វិក បានចាប់ផ្តើមផ្ទុះ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ជាមួយនឹងការព្រួសកម្អែកម្ពស់ ១០គ.ម ៕