កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារស្លាប់មនុស្សនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ នៅក្នុងអំពើហិង្សាកំពុងបន្តមួយដែលបង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក ។
យោងតាមការអះអាងរបស់ក្រសួងមហាផ្ទៃគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា នៅទីក្រុងភាគខាងត្បូង Khan Younis ការវាយប្រហារតាមច្រកអាកាស បានសម្លាប់មន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ ក៏ដូចជាជំនួយការរបស់គាត់ ។
ខណៈពេលនោះដែរ គ្រូពេទ្យបឋមនិយាយថា ការវាយប្រហារមួយទៀត ត្រូវចំជំរំជនភៀសខ្លួន Maghazi ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ។
យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេចំពោះឧបទ្ទេវហេតុទាំង ២នេះ ។ នៅក្នុងពិធីបុណ្យសពសម្រាប់មន្រ្តីនគរបាលទាំង ២រូប ក្រុមអ្នកកាន់ទុកបានចោទប្រកាន់អ៊ីស្រាអែលថា កំពុងព្យាយាមបង្កភាពវឹកវរនៅតំបន់ហ្កាហ្សា ។
លោក Ali Mousa Dababesh គឺជាជនប៉ាឡេស្ទីនម្នាក់ និយាយថា បើទោះបីជាបទឈប់បាញ់ចូលជាធរមានកាលពីរយៈពេលច្រើនខែមុនក៏ដោយ ក្រុមកាន់កាប់អ៊ីស្រាអែលនៅតែបន្តមានគោលដៅលើមន្រ្តីនគរបាល ដើម្បីបង្កភាពវឹកវរ ។
ចំណែកឯសាច់ញាតិម្នាក់របស់មន្រ្តីនគរបាលស្លាប់ បានបរិហារថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការសម្លាប់ដ៏កំសាកញីបំផុត ៕