ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ១១ ឧសភាសប្ដាហ៍នេះ ថាបទឈប់បាញ់ជាមួយអ៊ីរ៉ង់គឺ "ស្ថិតក្នុងភាពផុយស្រួយបំផុត" បន្ទាប់ពីការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម បានបង្ហាញយ៉ាងច្បាស់ថាភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាខ្លាំងលើបញ្ហាមួយចំនួន។

អ៊ីរ៉ង់បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅគ្រប់ទិសទីទាំងអស់ រួមទាំងប្រទេសលីបង់ ជាទីដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺអ៊ីស្រាអែល កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។
ទីក្រុងតេអេរ៉ង់ក៏បានទាមទារផងដែរនូវសំណងសម្រាប់ការខូចខាតសង្គ្រាម ការបញ្ចប់ការបិទផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ការធានាមិនឱ្យមានការវាយប្រហារបន្ថែមទៀត និងការបន្តការលក់ប្រេងរបស់អ៊ីរ៉ង់ឡើងវិញ។

ទីក្រុងតេអេរ៉ង់ក៏បានសង្កត់ធ្ងន់ផងដែរលើអធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រហ័រមូស (Strait of Hormuz) ជាកន្លែងដែលខ្លួនបានបិទចរាចរណ៍ដឹកជញ្ជូន ជាធម្មតាដឹកជញ្ជូនប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក។
លោក Trump បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់បានគំរាមកំហែងដល់ស្ថានភាពនៃបទឈប់បាញ់ដែលបានអនុវត្តចាប់តាំងពីថ្ងៃទី៧ ខែមេសា ២០២៦ ។
លោក Trump ដែលបានគំរាមម្តងហើយម្តងទៀតថានឹងបញ្ចប់បទឈប់បាញ់ បាននិយាយថា លោកនឹងហៅបទឈប់បាញ់នោះថាខ្សោយបំផុតនៅពេលនេះ បន្ទាប់ពីបានអានក្រដាសសំរាមដែលពួកគេបានផ្ញើមកពួកលោក។ លោកមិនបានអានចប់ទេ។
សហរដ្ឋអាមេរិកបានស្នើឱ្យបញ្ចប់ការប្រយុទ្ធគ្នា មុនពេលចាប់ផ្តើមការចរចាលើបញ្ហាដ៏ចម្រូងចម្រាសជាងនេះ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕
