ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅទីតាំង០២ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនបរទេសជាជនជាតិវៀតណាម ៤២នាក់ (ស្រី០៥នាក់) ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
គោលដៅទី១ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងនៅចំណុចបុរីហាយធិចដឺព្រីមៀរ ផ្ទះលេខ៤៤ ផ្លូវហ្គោល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។
ជាលទ្ធផល នៃប្រតិបត្តិការគោលដៅខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិវៀតណាម១៨នាក់ (ស្រីម្នាក់) និងបានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃចំនួន ០៩ គ្រឿង , laptop ចំនួន០៥គ្រឿង , កុំព្យូទ័រ All in One ចំនួន២៦គ្រឿងផងដែរ ។
ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ៖ ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាពអូសទាញឲ្យជនរងគ្រោះដាក់ប្រាក់ទិញទំនិញលើគេហទំព័រក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសវៀតណាម។
គោលដៅទី២ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌ និងក្រោមការសម្របដម្រួលនីតិវិធីច្បាប់ដោយលោកសេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងនៅចំណុចផ្ទះលេខ 83V ផ្លូវលេខ៣៨៤ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ កាលពីវេលាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។
ជាលទ្ធផល នៃប្រតិបត្តិការគោលដៅខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិវៀតណាម២៤នាក់ (ស្រី៤នាក់) និងបានដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន ៖ CPU ០១គ្រឿង , ទូរស័ព្ទដៃ៤២គ្រឿង , កំព្យូទ័រ All in one ១៧គ្រឿង និង Monitor ១០គ្រឿង ។
ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ៖ ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាព Work Scams ដោយអូសទាញជនជាតិខ្លួនឲ្យទៅធ្វើការនៅតៃវ៉ាន់ ដោយបង់ប្រាក់សេវាផ្សេងៗជាមុន ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង






