រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា បានព្រមព្រៀងដាក់ទណ្ឌកម្មថ្មីលើអ្នកតាំងលំនៅអ៊ីស្រាអែល ជុំវិញអំពើហិង្សាលើពលរដ្ឋប៉ាឡេស្ទីន ខណៈការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងប្រទេសហុងគ្រី បានបញ្ចប់ការជាប់គាំងជាច្រើនខែ។ អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយនៅក្នុងការប្រកាសបើកភ្លើងខៀវថា «វាដល់ពេលហើយដែលយើងត្រូវផ្លាស់ប្តូរចេញពីភាពជាប់គាំងទៅជាការអនុវត្ត» ខណៈ «ភាពជ្រុលនិយម និងអំពើហិង្សា នាំមកនូវផលវិបាក»។

រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែល បារ៉ុត(Jean-Noel Barrot) បាននិយាយថា សហភាពអឺរ៉ុបកំពុង «ដាក់ទណ្ឌកម្មលើអង្គការអ៊ីស្រាអែលធំៗដែលមានកំហុសពីការគាំទ្រដល់ការដាក់អាណានិគមជ្រុលនិយម និងអំពើហិង្សានៅតំបន់ West Bank ព្រមទាំងមេដឹកនាំរបស់ពួកគេ»។ លោកបានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «សកម្មភាពដ៏ធ្ងន់ធ្ងរ និងមិនអាចអត់ឱនឲ្យបានទាំងនេះ ត្រូវតែបញ្ឈប់ដោយមិនបង្អង់យូរ»។

ចំណាត់ការក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាដែលកំពុងកើនឡើង និងការពង្រីកការតាំងលំនៅឋាននៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលត្រូវបានធ្វើឲ្យជាប់គាំងដោយអតីតនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។ ប៉ុន្តែការបណ្តេញមេដឹកនាំជាតិនិយមរូបនេះ និងសម្ព័ន្ធមិត្តអ៊ីស្រាអែលដោយលោក Peter Magyar បច្ចុប្បន្ន ទំនងជាបានត្រួសត្រាយផ្លូវសម្រាប់ការការដកចេញសិទ្ធវ៉េតូ។
មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា អ្នកតាំងលំនៅឋាន ឬអង្គការតាំងលំនៅឋានចំនួនប្រាំពីរ នឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅ។ ប្លុកអឺរ៉ុប ក៏បានព្រមព្រៀងដាក់ទណ្ឌកម្មលើក្រុមតំណាងមកពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ផងដែរ។ អ៊ីស្រាអែល បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីនេះ។