ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ១១ ឧសភាសប្ដាហ៍នេះ ថា លោកនឹងពិភាក្សាអំពីប្រធានបទនៃការលក់អាវុធឱ្យទៅកោះតៃវ៉ាន់ និងករណីមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយដែលជាប់ពន្ធនាគារ លោក Jimmy Lai ជាមួយលោកប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង សប្តាហ៍នេះ។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាននៅពេលសួរអំពីការគាំទ្រយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះវិស័យការពារជាតិរបស់កោះតៃវ៉ាន់ថា រូបលោកនឹងមានការពិភាក្សានោះជាមួយប្រធានាធិបតី Xi។

ប្រទេសចិនអះអាងថា កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ គឺជាដែនខេត្តមួយរបស់ខ្លួន ជាការលើកឡើងដែលកោះតៃវ៉ាន់បដិសេធ។ ទីក្រុងវ៉ាស៊ីនតោន អនុវត្តតាមគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់ឋានៈរបស់ប្រទេសចិន ប៉ុន្តែមិនគិតពីអធិបតេយ្យភាពរបស់តៃវ៉ាន់ទេ។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់តំបន់តៃវ៉ាន់ ហើយត្រូវបានចងភ្ជាប់ដោយច្បាប់ដើម្បីជួយដល់វិស័យការពារជាតិរបស់កោះនេះ ។

ការផ្ទេរអាវុធទាំងនេះជាប្រភពនៃការកកិតគ្នាជាយូរមកហើយនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន។ កាលពីខែធ្នូ លោក Trump បានប្រកាសពីកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះ ក្នុងតម្លៃជាង ១១ ពាន់លានដុល្លារ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជំនួយការរបស់ប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះបានជំរុញឱ្យកោះតៃវ៉ាន់ចំណាយប្រាក់កាន់តែច្រើនសម្រាប់ការការពារជាតិ ហើយមន្ត្រីអាមេរិកម្នាក់បាននិយាយថា កិច្ចប្រជុំកំពូលលោកTrump និងលោក Xi ពុំបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយចំពោះកោះតៃវ៉ាន់ទេ៕