មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មអង្គរក្ស សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ នៅលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែងជិត ២០ គីឡូម៉ែត្រ នៅជិតព្រំដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តបានល្អប្រសើរ ព្រោះផ្លូវមួយខ្សែនេះមានសារៈសំខាន់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងបម្រើដល់ ទេសចរណ៍ជាដើម។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែងជិត២០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ដែលតត្ជាបពីឃុំកន្ទួត ទៅឃុំស្រអែម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះថា តាមរយៈផ្លូវខាងលើនេះ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់ជូនអ្នកស្រុកជាំក្សាន្ត ជួយសម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា និងការតភ្ជាប់រវាងភូមិ-ឃុំផ្សេងៗទៀត តាមរយៈនៃផ្លូវនេះ ក៏ជួយសម្រួលការធ្វើដំណើរ ការរកស៊ីទទួលទានផ្សេងៗ និងបម្រើដល់វិស័យទេចរណ៍ជាដើម។
ទាក់ទងសមិទ្ធផលខាងលើនេះ, លោកជំទាវអនុរដ្ឋលេខាធិការ បាន ថ្លែងនូវការសាទរចំពោះសមិទ្ធផលថ្មីនេះដែលកើតចេញពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ ជនបទ ជាក់ស្តែងផ្លូវ១ខ្សែនេះ ស្ថាបនាឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។
លោកជំទាវ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវល្បាយគ្រួស ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅ ផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ពីមួយអាណត្តិ ទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងបានជាច្រើនខ្សែ ក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង ៥ ម៉ឺនគីឡូម៉ែត្រ នៅទូទាំងប្រទេស កិច្ចខិតខំកសាង នូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាពនៃយុទ្ធសស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បី ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ៕
អត្ថបទ៖ សុន រ៉ាឌី











