ក្រុមអាជ្ញាធរដែនសមុទ្របាននិយាយថា ទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍គ្មានឯកសារចំនួន ៣៧នាក់ ដែលគេជឿថាមកពីប្រទេសឥណ្ឌូនេស៊ី បានលិចនៅឆ្នេរសមុទ្រ ប៉ាងគ័រ (Pangkor)នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសម៉ាឡេស៊ី បណ្ដាឱ្យមនុស្ស ១៤នាក់នៅតែបាត់ខ្លួន។

ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ី (MMEA) នៅរដ្ឋ ប៉េរ៉ាក់ (Perak)បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងកាលពីព្រឹកថ្ងៃចន្ទ១១ ខែឧសភា សប្ដាហ៍នេះ ដោយអ្នកនេសាទក្នុងស្រុកម្នាក់ ដែលបានប្រទះឃើញអ្នកនៅរស់រានមានជីវិតអណ្តែតនៅលើសមុទ្រ។

លោក Mohamad Shukri Khotob នាយកទីភ្នាក់ងារ MMEA ប្រចាំរដ្ឋប៉េរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃចន្ទថា ការស៊ើបអង្កេតបឋម បានរកឃើញថា ចំនួនសរុបនៃជនអន្តោប្រវេសន៍នៅលើទូកមាន ៣៧នាក់។ រហូតមកដល់ពេលនេះ ជនរងគ្រោះចំនួន ២៣នាក់ត្រូវបានជួយសង្គ្រោះ ខណៈកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីស្វែងរកអ្នកនៅសេសសល់។
លោក Mohamad Shukri បានបន្ថែមថា ការស៊ើបអង្កេតដំបូងក៏បានរកឃើញផងដែរថា ពួកគេដែលជាជនអន្តោប្រវេសន៍ បានចាកចេញពីទីក្រុង គីសារ៉ាន (Kisaran)ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៩ ខែឧសភា ហើយបានឆ្ពោះទៅកាន់គោលដៅជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងទីក្រុងប៉េណាង រដ្ឋតេរេងហ្គានូ រដ្ឋសេឡាំងហ្គ័រ និងរដ្ឋធានី គូឡាឡាំពួរ។
លោកថា ទីភ្នាក់ងារនេះបានដាក់ពង្រាយទូក ឧទ្ធម្ភាគចក្រ និងយន្តហោះស៊ើបការណ៍ដើម្បីស្វែងរកអ្នកបាត់ខ្លួន។ អ្នកដែលត្រូវបានជួយសង្គ្រោះត្រូវបានប្រគល់ទៅឲ្យនគរបាលសម្រាប់ការស៊ើបអង្កេតបន្ថែម៕