(កូវ៉ែត)៖ គ្រាការប្រកួតចូលមកដល់នៅថ្ងៃស្អែកនេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងនៅទឹកដីរដ្ឋកូវ៉ែត ត្រៀមជួបជើងឯកកូវ៉ែត Al Kuwait SC វគ្គផ្ដាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League)។

ព្រះខ័នរាជស្វាយរៀង អាចមានប្រៀបលើគូប្រកួតផ្អែកលើបទពិសោធន៍ឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍នេះជាលើកទី២ ជាប់គ្នា ឯAl Kuwait SC បង្ហាញខ្លួនចុងក្រោយក្នុងពានទ្វីបអាស៊ី និងឈ្នះជើងឯកកម្រិតទ្វីបនេះ នៅរដូវកាល២០១៣-២០១៤។
ក្នុងព្រឹត្តិការណ៍នេះព្រះខ័នរាជស្វាយរៀង ក៏ដូចជា Al Kuwait ត្រូវបានកត់សម្គាល់ថាជាក្រុមដែលទាត់បញ្ចូលទីគូប្រកួតច្រើនគ្រាប់តាំងពីវគ្គចែកពូលរហូតដល់មុនជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ ក្នុងនោះព្រះរាជស្វាយរៀងរកបាន១៨គ្រាប់ រីឯ Al Kuwait SC រកបាន១៣គ្រាប់ តែលេងតិចជាងពីរប្រកួត។
ទាក់ទងនឹងកីឡាករវិញ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Pepra Kwame កំពុងតែនាំមុខគេក្នុងតារាងអ្នកទាត់បញ្ចូលទី ធ្វើបានរហូតដល់៨គ្រាប់ ហើយនឹងក្លាយជាម្ចាស់ផ្ទះស្បែកជើងមាស។ តែយ៉ាងណា Kuwait SC នឹងមិនឱ្យខ្សែប្រយុទ្ធសញ្ជាតិហ្កាណារូបនេះបន្ថែមគ្រាប់បាល់ទៀតនោះទេ។
ក្រុមទាំងពីរជួបគ្នានៅរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១និង៤៥នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិរដ្ឋកូវ៉ែត ដែលអាចផ្ទុកអ្នកគាំទ្របាន៦០ ០០០នាក់ ហើយត្រូវគេរំពឹងថាស្អែកនេះនឹងមានអ្នកគាំទ្រម្ចាស់ផ្ទះចូលរួមទស្សនាពេញ៕





