កាលពីថ្ងៃចន្ទ ក្រុមហាម៉ាសបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ដែលចោទប្រកាន់ថា ក្រុមនេះកំពុងកសាងឡើងវិញនូវសមត្ថភាពយោធារបស់ខ្លួន និងរៀបចំការវាយប្រហារពីតំបន់ហ្កាហ្សា ដោយនិយាយថា ការអះអាងទាំងនេះ មានគោលបំណងបង្ហាញអំពីភាពត្រឹមត្រូវនៃការបង្កើន ភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែល នៅក្នុងទឹកដីនេះ។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ចលនានេះ នៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា ទោះបីជាមានការរំលោភបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលក៏ដោយ។

មន្ត្រីអ៊ីស្រាអែលបានប្រាប់ទូរទស្សន៍ Kan TV កាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាសកំពុងប្រើប្រាស់បទឈប់បាញ់ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ និងពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ទោះបីជាជម្លោះ នៅតែបន្ត អំឡុងការអនុវត្តបទឈប់បាញ់ក៏ដោយ។
របាយការណ៍នោះ បានលើកឡើងថា យោធាអ៊ីស្រាអែលកំពុងថ្លឹងថ្លែងការកាត់បន្ថយជំនួយដល់តំបន់ហ្កា ហ្សា ដោយសង្ស័យថា ក្រុមហាម៉ាសបង្វែរមូលនិធិដោយយកពន្ធពីពាណិជ្ជករ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការយោធា និងរដ្ឋបាលរបស់ខ្លួន៕