ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតប «ជាមេរៀន» ចំពោះការឈ្លានពានណាមួយ។

ការអត្ថាធិប្បាយរបស់លោកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃចន្ទ បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យចំពោះសំណើរបស់សហរដ្ឋអាមេរិក ដោយព្រមានថា បទឈប់បាញ់រវាងប្រទេសទាំងពីរគឺ «ពិតជាផុយស្រួយ និងជិតដួលរលំ»។

លោក Qalibaf បាននិយាយថា៖«កងកម្លាំងប្រដាប់អាវុធរបស់យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតប ជាមេរៀនចំពោះការឈ្លានពានណាមួយ» ដោយសង្កត់ធ្ងន់ថា «យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្រើសទាំងអស់។ ពួកគេនឹងភ្ញាក់ផ្អើល»។
អ៊ីរ៉ង់បានផ្ញើការឆ្លើយតបរបស់ខ្លួនចំពោះអត្ថបទចុងក្រោយបំផុតដែលសហរដ្ឋអាមេរិកបានស្នើឡើងសម្រាប់ការបញ្ចប់សង្គ្រាម ទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ។
ដោយពន្យល់អំពីសំណើសន្តិភាពរបស់អ៊ីរ៉ង់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ប្រទេសនេះ ទាមទារតែសិទ្ធិ «ស្របច្បាប់» របស់ប្រជាជនខ្លួន នៅក្នុងសង្គ្រាមនេះ៕