រលកថ្មីនៃអំពើហិង្សាដែលបង្កឡើងដោយក្រុមជនអន្ធពាល នៅក្នុងប្រទេសហៃទី បានបង្ខំឲ្យប្រជាជនរាប់រយនាក់រត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយធ្វើឲ្យពួកគេបែកខ្ញែកគ្នា កាលពីថ្ងៃចន្ទ តាមបណ្តោយផ្លូវមួយ ដែលនាំទៅដល់អាកាសយានដ្ឋានសំខាន់របស់ប្រទេសនេះ។

អ្នកស្រី Monique Verdieux អាយុ ៥៦ ឆ្នាំ បានរត់គេចខ្លួនទៅកាន់ផ្លូវហាយវេមួយ បន្ទាប់ពីបានឃើញក្រុមបុរសប្រដាប់អាវុធដុតផ្ទះ នៅក្នុងសង្កាត់របស់ខ្លួន។ ក្រុមគ្រួសាររបស់អ្នកស្រី បានរត់គេចខ្លួន ទៅតាមទិសដៅផ្សេងៗគ្នា ហើយអ្នកស្រីបាននិយាយថា ខ្លួនមិនដឹងប្រាកដថា ពួកគេនៅទីណានោះទេ។
អ្នកស្រី Verdieux បាននិយាយថា៖«ឥឡូវនេះ ខ្ញុំកំពុងដេកនៅតាមផ្លូវ» ដោយកត់សម្គាល់ថា ពុំមិនមានសុវត្ថិភាព ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញទេ។

ការប៉ះទង្គិចគ្នារវាងក្រុមជនអន្ធពាល បានផ្ទុះឡើង កាលពីចុងសប្តាហ៍ នៅទូទាំងសង្កាត់ភាគខាងជើងជាច្រើន នៅក្នុងរដ្ឋធានីព័រអូប្រាំងនៃប្រទេសនេះ ដោយរុញច្រានអ្នកភៀសខ្លួនទាំងនោះឲ្យនៅលើផ្លូវមួយ ដែលនាំទៅដល់អាកាសយានដ្ឋានអន្តរជាតិ Toussaint Louverture។
ក្រុមអន្ធពាលបានវាយប្រហារលើទីក្រុងព័រអូប្រាំងជាង ៩០ភាគរយ ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី Jovenal Moïse ក្នុងខែកក្កដា ឆ្នាំ ២០២១ នៅគេហដ្ឋានរបស់លោក។ នគរបាលបាននិយាយថា ពួកគេបានពង្រីកសកម្មភាពរបស់ពួកគេ ក្នុងនោះមានការលួចប្លន់ ការចាប់ជំរិត ការរំលោភបំពានផ្លូវភេទ និងការរំលោភសេពសន្ថវៈ ទៅកាន់ជនបទ។ ចាប់តាំងពីការធ្វើឃាតលោក Moïse នោះមក ប្រទេសហៃទីពុំមានប្រធានាធិបតីទេ៕