ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃចន្ទ បានបដិសេធគំនិតដែលថា ប្រទេសរបស់លោកស្រី អាចក្លាយជារដ្ឋមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសនេះ ។

លោកស្រី Rodriguez បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡាអេ ជាកន្លែងដែលលោកស្រីកំពុងចូលរួមសវនាការនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ថា៖«ពុំមានគម្រោងធ្វើបែបនោះទេ។ វានឹងមិនត្រូវបានគ្រោងទុកឡើយ ពីព្រោះប្រសិនបើមានរឿងមួយ ដែលយើងជាជនជាតិវ៉េណេស៊ុយអេឡាមាន នោះគឺជាសេចក្តីស្រឡាញ់ចំពោះដំណើរការឯករាជ្យរបស់យើង»។

លោកស្រី Rodriguez បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ដឹងថា យើងបានធ្វើការលើរបៀបវារៈការទូតនៃកិច្ចសហប្រតិបត្តិការ» ដោយបន្ថែមថា ការទូតនៅតែជាមាគ៌ាឆ្ពោះទៅមុខ។
លោកស្រីបានលើកឡើងថា៖«យើងនឹងបន្តការពារសុចរិតភាព អធិបតេយ្យភាព ឯករាជ្យភាព ប្រវត្តិសាស្ត្ររបស់យើង ប្រវត្តិសាស្ត្រដែលជាកិត្តិនាមរបស់បុរស និងស្ត្រី ដែលបានលះបង់ជីវិតរបស់ពួកគេ ដើម្បី កុំឲ្យយើងអាចក្លាយអាណានិគម ប៉ុន្តែក្លាយជាប្រទេសសេរីមួយ»៕