ក្រុមជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ ស្ថានភាពមនុស្សធម៌ នៅតែបន្តកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសលីបង់ ជាមួយនឹងការវាយប្រហារលើទីតាំងទាក់ទងនឹងសុខភាព និងការសម្លាប់គ្រូពេទ្យជាច្រើននាក់។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់UN (OCHA) បាននិយាយថា មានការវាយប្រហារជាង ១០០លើក ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ខណៈដែលមនុស្ស ៨៧នាក់ ត្រូវបានសម្លាប់ កាលពីចុងសប្តាហ៍មុន។

ដោយបានដកស្រង់តួលេខពីក្រសួងសុខាភិបាលសាធារណៈលីបង់ អង្គការ OCHA បានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ២.៨៤៦ នាក់ ត្រូវបានសម្លាប់ និង ៨.៦៩៣ នាក់ផ្សេងទៀត បានរងរបួសចាប់តាំងពីការកើនឡើងនៃអរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅថ្ងៃទី ០២ ខែមីនា។
នៅថ្ងៃចន្ទ ក្រសួងបានរាយការណ៍ថា គ្រូពេទ្យសង្គ្រោះបឋមពីរនាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសដែលកំណត់គោលដៅលើទីតាំងទាក់ទងនឹងសុខភាព នៅក្នុងទីក្រុង Qalaway និង Tibnin ភាគខាងត្បូងប្រទេសលីបង់។ គ្រូពេទ្យទាំងនោះ កំពុងឆ្លើយតបទៅនឹងឧប្បត្តិហេតុថ្មីៗ នៅពេលដែលពួកគេ ត្រូវបានសម្លាប់។ នេះបើយោងតាម OCHA៕