ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងមួយ នៅភាគខាងត្បូងប្រទេសលីបង់ បានបណ្តាលឲ្យមនុស្ស ៦នាក់ ស្លាប់ និង ៧នាក់ ផ្សេងទៀត រងរបួស ខណៈដែលការប្រយុទ្ធគ្នា នៅតែបន្ត ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃចន្ទ បានបំផ្លាញផ្ទះមួយខ្នង នៅក្នុងទីក្រុង Kfar Dounine ដែលជាទីក្រុងមួយមានចម្ងាយប្រហែល ៩៥ គីឡូម៉ែត្រ ពីរដ្ឋធានីបេរូត។

សារព័ត៌មាន NNA បានរាយការណ៍ថា អ្នករងរបួសទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Tyre។
អ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលខ្លួនបានបាញ់ប្រហារជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី ១៧ ខែមេសា រវាងអ៊ីស្រាអែល និងលីបង់ ដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នានេះក្តី។
យោងតាមអាជ្ញាធរសុខាភិបាល មនុស្សជាង ២.៨០០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីប្រទេសនេះ ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅថ្ងៃទី ០២ ខែមីនា៕
