រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានស្នើសុំឲ្យតុលាការពាណិជ្ជកម្មសហរដ្ឋអាមេរិកផ្អាកសេចក្ដីសម្រេចមួយដែលបានប្រកាសថា ការចេញអត្រាពន្ធសកល ១០ភាគរយចុងក្រោយ គឺខុសច្បាប់ ខណៈពេលដែលរដ្ឋាភិបាលប្តឹងឧទ្ធរណ៍ ដោយនេះមានន័យថា អ្នកនាំចូលនឹងត្រូវបន្តបង់ពន្ធ ខណៈពេលដែលការតវ៉ាផ្នែកច្បាប់កំពុងបន្ត។
នៅក្នុងការសេចក្ដីសម្រេច ក្នុងសំឡេង ២ ទល់នឹង ១ កាលពីសប្តាហ៍មុន គណៈកម្មាធិការតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បានរកឃើញថា ការប្រើប្រាស់មាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ របស់លោក Trump ដើម្បីដាក់ពន្ធ គឺមិនត្រឹមត្រូវនោះទេ ទោះបីជាតុលាការបានរារាំងការអនុវត្តភ្លាមៗ ចំពោះតែក្រុមហ៊ុនចំនួន ២ ដែលបានប្តឹង និងរដ្ឋ Washington ក៏ដោយ។
ទោះបីជាមានវិសាលភាពតិចតួចនៃបទបញ្ជារបស់តុលាការសម្រាប់ពេលនេះក៏ដោយ ក៏ក្រសួងយុត្តិធម៌បានផ្ដល់ហេតុផល នៅក្នុងឯកសារមួយកាលពីថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) ដែលថា អ្នកនាំចូលរាប់ពាន់ដែលបង់ពន្ធតាមមាត្រា ១២២ ទំនងជាដាក់ការទាមទារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅតុលាការ។

មេធាវីរដ្ឋាភិបាលបានសរសេរថា ការអនុញ្ញាតឲ្យសេចក្ដីសម្រេចនេះមានប្រសិទ្ធភាព នឹង «ធ្វើឲ្យខូចយ៉ាងធ្ងន់ធ្ងរ» ដល់របៀបវារៈពាណិជ្ជកម្មរបស់លោក Trump និងធ្វើឲ្យធនធានបាត់ពី «កិច្ចប្រឹងប្រែងដ៏ធំធេង» ដែលកំពុងដំណើរការ ក្នុងការសងប្រាក់វិញ សម្រាប់ពន្ធសកលជុំមុន ដែលត្រូវបានតុលាការកំពូលសហរដ្ឋអាមេរិកលុបចោល ។
បណ្តឹងឧទ្ធរណ៍របស់រដ្ឋាភិបាល ជំទាស់នឹងសេចក្ដីសម្រេចនោះ កំពុងរង់ចាំនៅចំពោះមុខតុលាការឧទ្ធរណ៍សហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក។ ក្រសួងយុត្តិធម៌បានបញ្ជាក់នៅក្នុងឯកសារថ្ងៃទី១១ ខែឧសភានោះថា ប្រសិនបើតុលាការពាណិជ្ជកម្ម និងតុលការឧទ្ធរណ៍សហព័ន្ធ បដិសេធមិនផ្អាកសេចក្ដីសម្រេចនេះទេ រដ្ឋបាលត្រៀមជាស្រេច ដើម្បីធ្វើសំណើបន្ទាន់ទៅកាន់តុលាការកំពូល៕
