ដោយសំអាងដល់មន្ត្រីរដ្ឋាភិបាល សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិពហុជាតិ ស្តីពីសន្តិសុខ នៅច្រកសមុទ្រ Hormuz នៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីមានការវាយប្រហារថ្មីៗនេះ លើនាវាដឹកទំនិញដែលដំណើរការដោយកូរ៉េខាងត្បូង នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។
លោកឧត្តមសេនីយ៍ទោ Woo Kyung-suk អគ្គនាយកផែនការគោលនយោបាយ នៅក្រសួងការពារជាតិ នឹងចូលរួមកិច្ចប្រជុំនិម្មិត (អនឡាញ) ដែលដឹកនាំរួមដោយចក្រភពអង់គ្លេស និងបារាំង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។

សេចក្ដីរាយការណ៍នោះ បានឲ្យដឹងទៀតថា ប្រទេសជាង ៤០ ត្រូវបានគេរំពឹងថា នឹងចូលរួមអ្វីដែលមន្ត្រីពិពណ៌នាថា ជាសន្និសីទកម្រិតខ្ពស់លើកដំបូងផ្តោតលើកិច្ចប្រឹងប្រែងសន្តិសុខសមុទ្រដែលត្រូវបានសម្របសម្រួល នៅច្រកសមុទ្រនេះ។
កិច្ចពិភាក្សានេះកើតឡើងចំពេលមានការក្ដីបារម្ភកាន់តែខ្លាំងឡើងៗពីអន្តរជាតិ បន្ទាប់ពីជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរំខានដល់ផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ ដែលជាសរសៃឈាមសំខាន់ សម្រាប់ការផ្គត់ផ្គង់ថាមពល និងជីសកល។
ទីក្រុងសេអ៊ូលថ្មីៗនេះ បានសន្និដ្ឋានថា ការផ្ទុះ និងអគ្គិភ័យ នៅលើនាវាដឹកទំនិញ HMM Namu កាលពីថ្ងៃទី៤ ខែឧសភា គឺបណ្តាលមកពីវត្ថុមិនស្គាល់អត្តសញ្ញាណនៅលើអាកាសចំនួន ២។ កូរ៉េខាងត្បូងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ហើយបានសន្យាថា នឹងធ្វើការស៊ើបអង្កេតពេញលេញ ដើម្បីកំណត់ថា តើអ្នកណាជាអ្នកត្រូវទទួលខុសត្រូវ៕
