ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានបញ្ជាក់កាលពីថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) ថា លោកនឹងមិនលាលែងពីតំណែងទេ ទោះបីជាមានការអំពាវនាវឲ្យលោកចុះចេញពីក៏ដោយ ដោយសម្ដីនេះបានកើតមានឡើងបន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចកាលពីសប្តាហ៍មុនថា សភាបានរំលោភលើរដ្ឋធម្មនុញ្ញដោយរារាំងចំណាត់ការចោទប្រកាន់ទម្លាក់តំណែងលោកនៅឆ្នាំ២០២២។
លោក Ramaphosa បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖ «ខណៈពេលដែលមានការអំពាវនាវនៅក្នុងមជ្ឈដ្ឋានមួយចំនួន ដែលថា ខ្ញុំគួរតែលាលែងពីតំណែងនោះ គ្មានអ្វីនៅក្នុងសាលក្រមរបស់តុលាការធម្មនុញ្ញបង្ខំឲ្យខ្ញុំលាលែងពីតំណែងនោះទេ»។

នៅឆ្នាំ២០២២ គណៈកម្មាធិការឯករាជ្យមួយដែលត្រូវបានតែងតាំងដោយរដ្ឋសភា បានរកឃើញថា លោក Ramaphosa អាចមានទោសពីបទប្រព្រឹត្តិខុសធ្ងន់ធ្ងរ ទាក់ទងនឹងការលួចប្រាក់ នៅកសិដ្ឋានចិញ្ចឹមសត្វរបស់លោក។
នៅឆ្នាំ២០២២ ចោរបានលួចប្រាក់ចំនួន ៥៨០.០០០ដុល្លារ ដែលត្រូវបានលាក់ក្នុងសាឡុង នៅកសិដ្ឋានជនបទរបស់លោក Ramaphosa ប៉ុន្តែលោកមិនបានរាយការណ៍ពីបញ្ហានេះទៅនគរបាលឡើយ។ អ្នករិះគន់បានចោទប្រកាន់លោក Ramaphosa ថា បានសម្អាតលុយកខ្វក់ និងទាមទារដឹងពីប្រភពមូលនិធិ។ លោក Ramaphosa បានបដិសេធមិនបានប្រព្រឹត្តអ្វីខុសឡើយ ដោយអះអាងថា ប្រាក់ដែលត្រូវបានលួចពីកសិដ្ឋានរបស់លោក បានមកពី «ចំណូលលក់សត្វ»។
គួរបញ្ជាក់ថា សាលក្រមកាលពីថ្ងៃសុក្រសប្តាហ៍ចុងសប្ដាហ៍កន្លងមក ដោយតុលាការធម្មនុញ្ញ បានប្រកាសថា អនុសាសន៍នៃរបាយការណ៍របស់គណៈកម្មការឯករាជ្យ ត្រូវតែអនុវត្តតាមរយៈការបញ្ជូនទៅគណៈកម្មាធិការចោទប្រកាន់ទម្លាក់តំណែងរបស់សភា «លុះត្រាតែ និងរហូតដល់របាយការណ៍នោះ ត្រូវបានលុបចោល សម្រាប់ដំណើរការត្រួតពិនិត្យ»៕
