អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ បានបដិសេធរបាយការណ៍របស់សារព័ត៌មាន CBS News ដែលអះអាងថា ទីក្រុងអ៊ីស្លាម៉ាបាដបាន «អនុញ្ញាតដោយស្ងាត់ៗ»ឲ្យយន្តហោះយោធាអ៊ីរ៉ង់ចុះចតនៅអាកាសយានដ្ឋានរបស់ខ្លួន ដើម្បីការពារពួកគេពីការវាយប្រហារតាមអាកាសរបស់អាមេរិក ដោយនិយាយថា ការប៉ានស្មាននេះហាក់ដូចជាមានគោលបំណងធ្វើឲ្យប៉ពាល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពក្នុងតំបន់ដែលកំពុងបន្ត។

ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីរនាក់ដែលមិនបញ្ចេញឈ្មោះ ដែលបាននិយាយរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់កាលពីខែមេសា CBS News បានចេញផ្សាយរបាយការណ៍ព័ត៌មានផ្តាច់មុខមួយកាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់បានបញ្ជូនយន្តហោះជាច្រើនគ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Nur Khan របស់ប៉ាគីស្ថាន នៅក្នុងទីក្រុង Rawalpindi។ របាយការណ៍នោះ បានបញ្ជាក់ថា ក្នុងចំណោមគ្រឿងយុទ្ធោបករណ៍ ដែលបញ្ជូនដោយទីក្រុងតេអេរ៉ង់ គឺយន្តហោះ RC-130 របស់កងទ័ពអាកាសអ៊ីរ៉ង់ ដែលជាប្រភេទយន្តហោះឈ្លបយកការណ៍ និងប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់របស់យន្តហោះដឹកជញ្ជូនយុទ្ធសាស្ត្រ Lockheed C-130 Hercules។
អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប៉ាគីស្ថានបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍របស់សារព័ត៌មាន CBS News ទាក់ទងនឹងវត្តមានយន្តហោះអ៊ីរ៉ង់ នៅមូលដ្ឋានទ័ពអាកាស Nur Khan ថា ជាការធ្វើឲ្យយល់ច្រឡំ និងបំភ្លៃការពិត»។ «រឿងរ៉ាវបែបស្មានៗបែបនេះ ហាក់ដូចជាមានគោលបំណងបំផ្លាញកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្រាប់ស្ថិរភាព និងសន្តិភាពក្នុងតំបន់»៕
