មន្ទីរបញ្ចកោណ បាននិយាយថា នាវាមុជទឹកបំពាក់ដោយនុយក្លេអ៊ែររបស់កងទ័ពជើងទឹកអាមេរិក បានមកដល់ Gibraltar ក្នុងសប្តាហ៍នេះ ដែលជាការបង្ហាញដ៏កម្រអំពីទីតាំងនៃនាវាមួយ ក្នុងចំណោមនាវាសម្ងាត់បំផុតរបស់ខ្លួន។
កងនាវាទី ៦ របស់កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នាវានេះ គឺជាផ្នែកមួយនៃនាវាមុជទឹកបំពាក់ដោយមីស៊ីលបាលីស្ទីកថ្នាក់ Ohio ដែលត្រូវបានគេស្គាល់ថា មានសមត្ថភាពបាញ់មីស៊ីលនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍នោះ មិនបានបង្ហាញឈ្មោះពិតប្រាកដរបស់នាវានោះទេ ប៉ុន្តែវាបានចែករំលែករូបភាពនៃនាវាមុជទឹកដែលចតនៅដែនសមុទ្រ Gibraltar ជាទឹកដីរបស់អង់គ្លេសនៅឆ្នេរសមុទ្រអេស្ប៉ាញ។
កងនាវាទី៦នេះ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«ដំណើរទស្សនកិច្ចនៅកំពង់ផែនេះ បង្ហាញពីសមត្ថភាព ភាពបត់បែន និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តណាតូ របស់ខ្លួន»៕