ប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះ បានចេញឱសានវាទដល់សហរដ្ឋអាមេរិកឲ្យទទួលយកលក្ខខណ្ឌ នៅក្នុងសំណើ ១៤ចំណុចរបស់ទីក្រុងតេអេរ៉ង់ ដើម្បីមានសន្តិភាព ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹង «ការដួលរលំ»។
សារដ៏រឹងរូសនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធការផ្តល់ជូនតបតចុងក្រោយបង្អស់ពីអ៊ីរ៉ង់ ហើយបាននិយាយថា បទឈប់បាញ់ដ៏ផុយស្រួយដែលមានតាំងពីថ្ងៃទី៨ ខែមេសា គឺស្ទើរតែដួលរលំហើយ។

ប៉ុន្តែលោក Mohammad Bagher Ghalibaf បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលយក «សិទ្ធិ» របស់ទីក្រុងតេអេរ៉ង់ ប្រសិនបើខ្លួនចង់បញ្ចប់ជម្លោះជាង ២ខែនេះ ខណៈដែលការចរចាសន្តិភាព នៅតែជាប់គាំង បន្ទាប់ពីជុំដំបូងបានបរាជ័យក្នុងការទម្លាយភាពទាល់ច្រក កាលពីខែមុន។
លោក Ghalibaf បានលើកឡើងតាមរយៈការបង្ហោះមួយនៅលើបណ្ដាញ X ថា៖ «គ្មានជម្រើសអ្វីផ្សេងក្រៅពីការទទួលយកសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ដូចដែលមាននៅក្នុងសំណើ ១៤ចំណុចនោះទេ។ វិធីសាស្រ្តផ្សេងទៀត នឹងមិនមានលទ្ធផលច្បាស់លាស់ទាំងស្រុងនោះទេ។ គ្មានអ្វីក្រៅពីការដួលរលំម្តងហើយម្តងទៀតនោះទេ។ កាលណាពួកគេអូសបន្លាយពេលកាន់តែយូរ អ្នកជាប់ពន្ធអាមេរិក នឹងចំណាយកាន់តែច្រើន ដោយសារវា»។
អ៊ីរ៉ង់បានបដិសេធមិនព្រមចុះញ៉មឡើយ នៅក្នុងសង្គ្រាម ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយមន្ត្រីយោធាបានព្រមានថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីណាមួយដោយសហរដ្ឋអាមេរិក៕

