ប្រមុខអង្គការសុខភាពពិភពលោក(WHO)និយាយនៅថ្ងៃអង្គារនេះថា ពុំមានសញ្ញាការរីករាលដាលឆ្លងទ្រង់ទ្រាយធំនោះទេនៃវីរុស Hanta បើទោះបីជាលេចចេញករណីឆ្លងបន្ថែមទៀតក៏ដោយ ស្របពេលដែលក្រុមអាជ្ញាធរ បន្តតាមដានអ្នកដំណើរមកពីនាវាកម្សាន្តប្រណីតរងផលប៉ះពាល់ដោយសារវីរុសមួយនេះ ។
អគ្គលេខាធិការអង្គការ WHO លោក Tedros Adhanom Ghebreyesus និយាយប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ក្នុងទីក្រុង Madrid ថា អង្គការរបស់ UNមួយនេះ មិនអាចបង្ខំពិធីសារធ្វើចត្តាឡីស័កនោះទេលើប្រទេសនិមួយៗ ហើយវាអាស្រ័យលើពួកគេ ដើម្បីសម្រេចចិត្តថាតើវិធានការល្អបែបណា ដើម្បីការពារការឆ្លងដ៏មានសក្តានុពលបន្ថែមទៀត ។

មនុស្ស ៩នាក់ ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុស ជាមួយនឹងករណីសង្ស័យ ២នាក់ដែលមានការជាប់ពាក់ព័ន្ធនឹងនាវាកម្សាន្ត Hondius ។ ក្រុមអាជ្ញាធរនិយាយថា វីរុស មិនងាយនឹងរីករាលដាលឆ្លងនោះទេរវាងមនុស្ស ហើយហានិភ័យមានដែនកំណត់ចំពោះការរាតត្បាត ។
លោក Sanchez និយាយផងដែរថា អេស្ប៉ាញនឹងតាមដានយ៉ាងដិតដល់អ្នកដំណើរ ក្រោយការចុះពីលើនាវាកម្សាន្តរបស់ពួកគេ ខណៈលោក Tedros និយាយថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីអេស្ប៉ាញរូបនេះ សម្រាប់ការអនុញ្ញាតឲ្យនាវាកម្សាន្ត Hondius ធ្វើដំណើរមកកាន់ទីនេះ និងអនុញ្ញាតឲ្យអ្នកដំណើរចុះពីលើនាវា ៕
