នៅថ្ងៃអង្គារនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានព្រមានថា ការដួលរលំថវិកាជំនួយ និងបម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យសម្ពាធសេដ្ឋកិច្ច និងសង្គមកាន់តែលិចលង់ខ្លាំងនៅទូទាំងអាហ្វ្រិក ដោយរូបលោកចាត់ទុកស្ថានភាពនេះថា ជាវិបត្តិសាមគ្គីភាព ស្របពេលដែលតម្រូវការសកលកើនឡើង ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាហ្វ្រិកឆ្ពោះទៅមុខ ស្ថិតនៅទីក្រុង Nairobi ប្រទេសកេនយ៉ា លោក Guterres និយាយថា ជំនួយអភិវឌ្ឍផ្លូវការ កំពុងធ្លាក់ចុះ ខណៈតម្រូវការកើនឡើង ក្នុងនោះ ការប្តេជ្ញាចិត្ត ជំនួយ ត្រូវបានកាត់បន្ថយ ឬដកចេញតែម្តង ។
លោកថា នេះមិនត្រឹមតែជាវិបត្តិហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាជាវិបត្តិនៃសាមគ្គីភាពផងដែរ ។
លោក Guterres បានឆ្លុះបញ្ចាំងផងដែរពីបម្រែបម្រួលអាកាសធាតុថា ជាការងារស្នូល ដោយលោកកត់សំគាល់ឃើញថា អាហ្វ្រិករួមចំណែកតិចបំផុតនៃការឡើងកម្តៅផែនី ប៉ុន្តែពួកគេរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួន រួមទាំងការជម្លៀសខ្លួន ការបាត់បង់ដំណាំ និងវិបត្តិសេដ្ឋកិច្ច ។
លោកនិយាយទៀតថា ទីផ្សារថាមពលឆាប់ប្រែប្រួល ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងពាណិជ្ជកម្មបែកបាក់ កំពុងធ្វើឲ្យអតិផរណាកាន់តែអាក្រក់ខ្លាំង នៅទូទាំងទ្វីបមួយនេះ ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ស្របពេលក្រុមមេដឹកនាំអាហ្វ្រិក និងអឺរ៉ុប ជួបជុំគ្នានៅទីក្រុង Nairobi សម្រាប់កិច្ចប្រជុំកំពូលអាហ្វ្រិកឆ្ពោះទៅមុខ ដែលធ្វើសហម្ចាស់ផ្ទះដោយកេនយ៉ា និងបារាំង ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិធានការអាកាសធាតុ ការចូលរួមរបស់យុវជន និងកំណែទម្រង់រចនាសម្ព័ន្ធអភិបាលកិច្ចសកល ៕

