នៅថ្ងៃអង្គារនេះ ចិនបានបញ្ជាក់ឡើងវិញពីការជំទាស់យ៉ាងម៉ឺងម៉ាត់របស់ខ្លួនចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ មុនជំនួបរវាងប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
លោក Trump និយាយកាលពីថ្ងៃចន្ទថា លោកនឹងលើកឡើងបញ្ហាលក់អាវុធឲ្យកោះតៃវ៉ាន់ ជាមួយលោក Xi រួមទាំងករណីរបស់លោក Jimmy Lai ដែលជាមហាសេដ្ឋីសារព័ត៌មានហុងកុងជាប់ពន្ធនាគារ និងជាអ្នករិះគន់ចិន ។
ការលក់អាវុធនេះ បានក្លាយជាប្រភពនៃជម្លោះជាយូរមកហើយនៅក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ។ កាលពីខែធ្នូ កន្លងទៅ លោក Trump បានប្រកាសកញ្ចប់លក់អាវុធធំបំផុតមិនធ្លាប់ដែលមានរបស់សហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់ ដែលមានតម្លៃជាង ១១ពាន់លានដុល្លារ ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថា អំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Trump មកកាន់ចិន ប្រមុខរដ្ឋទំាង ២ នឹងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើបញ្ហាជាច្រើននៃទំនាក់ទំនងចិន-សហរដ្ឋអាមរិក ហើយនិងសន្តិភាព និងការវិវត្តរបស់ពិភពលោក ។
លោកបន្តថា គោលជំហររបស់ចិនប្រឆាំងការលក់អាវុធសហរដ្ឋអាមេរិកឲ្យកោះតៃវ៉ាន់ មិនផ្លាស់ប្តូរគឺនៅដដែល និងច្បាស់លាស់ ។ ពាក់ព័ន្ធនឹងករណីរបស់លោក Jimmy Lai ចិនបានបញ្ជាក់ម្តងហើយម្តងទៀតពីគោលជំហររបស់ខ្លួនរួមកហើយកាលពីមុន ។
មេដឹកនាំនៃប្រទេសសេដ្ឋកិច្ចធំជាងគេទាំង ២របស់ពិភពលោក នឹងធ្វើកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាង ៦ខែ ខណៈព្យាយាមធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងដែលតានតឹងដោយសារពាណិជ្ជកម្ម សង្គ្រាមអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងវិស័យផ្សេងទៀត ៕

