បាល់ទាត់៖ សហព័ន្ធបាល់ទាត់កូឌីវ័រ FIF បានសម្រេចមិនបន្តកិច្ចសន្យាឱ្យគ្រូបង្វឹកក្រុមជំរើសជាតិលោក Patrice Beaumelle ឡើយបន្ទាប់ពីកិច្ចសន្យាផុតសុពលភាពសប្តាហ៍មុន។
បុរសវ័យ ៤៣ឆ្នាំរូបនេះមិនអាចជួយក្រុមដំរីអាហ្វ្រិកមួយនេះទៅកាន់ World Cup 2022 នៅកាតាបានឡើយ ពោលគឺឈានមិនដល់វគ្គ Play-Off ថែមទៀត បូករួមទាំងបរាជ័យត្រឹមវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ផងដែរ។ ក្រុមជើងឯកទ្វីបអាហ្វ្រិក ២សម័យមួយនេះបានរងបរាជ័យនៅវគ្គ ១៦ក្រុមដោយចាញ់អេស៊ីបដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។
ក្រោយមិនអាចជួយកូឌីវ័រមានមុខនៅ World Cup បានគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបាននិយាយរិះគន់ FIFA ផងដែរថា បានសំលាប់បាល់ទាត់អាហ្វ្រិកដោយផ្តល់កៅអីត្រឹម ៥កៅអី World Cup សំរាប់ទ្វីបអាហ្វ្រិក។ លោក Patrice Beaumelle បានចូលមកដឹកនាំក្រុមកូឌីវ័រកាលពីខែមីនា ឆ្នាំ២០២០។ កូឌីវ័របានក្លាយជាប្រទេសមួយទៀតដែលមានការចែកផ្លូវគ្នាជាមួយគ្រូបង្វឹក បន្ទាប់ពីប៊ូគីណាហ្វាសូ អេស៊ីប និងម៉ាលី៕
អត្ថបទ៖នាង សុភាវុធ