ប្រជាពលរដ្ឋរស់នៅតំបន់ហ្កាហ្សា បានបង្ហាញពីអារម្មណ៍ដែលត្រូវបានគេបោះបង់ចោល ស្របពេលដែលចំណាប់អារម្មណ៍អន្តរជាតិ បានផ្លាស់ប្តូរ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារតាមច្រកអាកាសលើអ៊ីរ៉ង់ បង្កឲ្យមានជម្លោះទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ា ។
កិច្ចប្រជុំ ជំរុញផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា បានជាប់គាំង ។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីសេតវិមានបានច្រានចោលថា ពុំមានការផ្អាកណាមួយក្នុងកិច្ចប្រជុំស្តីពីសន្តិភាពនៅតំបន់ហ្កាហ្សានោះឡើយ ដោយរូបលោកបញ្ជាក់ថា នេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីជំរុញការកសាងឡើងវិញសម្រាប់មនុស្សនៅក្នុងតំបន់ហ្កាហ្សា ។
អ្នកស្រី Haitham Sobh គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបនិយាយថា ពួកយើងពិតជាមានសង្ឃឹមខ្លាំងណាស់ ពេលដែលក្រុមប្រឹក្សាសន្តិភាពត្រូវបានបង្កើតឡើង ដើម្បីកសាងផ្ទះសម្បែងរបស់ពួកយើងឡើងវិញ ដើម្បីអាចឲ្យពួកយើងវិលត្រឡប់ទៅផ្ទះវិញ និងវិលត្រឡប់ទៅកាន់ទឹកដីកំណើររបស់ពួកយើងវិញ ។
អ្នកស្រីបន្តថា ប៉ុន្តែបន្ទាប់ពីក្រុមប្រឹក្សាសន្តិភាពផ្អាក ពួកយើងលែងមានសង្ឃឹមទៀតហើយ តើនរណាជាអ្នកសាងសង់ផ្ទះសម្បែងរបស់ពួកយើងឡើងវិញនោះ? គ្មានការសាងសង់ផ្ទះឡើងវិញនោះទេ ពួកយើងពុំបានមើលឃើញមានអ្វីកើតឡើងនោះទេ ៕