មេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Naim Qassem បាននិយាយនៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះថា «ការចរចាដោយប្រយោល» រវាងប្រទេសលីបង់ និងអ៊ីស្រាអែល គឺជា «ជម្រើសល្អជាង» ដោយអះអាងថា ទីក្រុងបេរូតនឹងរក្សាបាននូវ «សន្លឹកបៀភាពមានប្រៀប» ក្នុងស្ថានភាពនេះ។
នៅក្នុងសុន្ទរកថាដែលបានថតទុក លោក Qassem បានអំពាវនាវដល់អាជ្ញាធរលីបង់ឲ្យ «ដកខ្លួនចេញពីការចរចាដោយផ្ទាល់ ដែលនាំឲ្យអ៊ីស្រាអែលមានប្រៀប» ដោយពណ៌នាអំពីដំណើរការទាំងនោះថា ជា «ការធ្វើសម្បទានដោយមិនទទួលបានអ្វីមកវិញ»។
ជាមួយគ្នានេះ លោក Qassem ក៏បាននិយាយដែរថា ការរំសាយអាវុធរបស់ក្រុមលោក មិនមែនជាផ្នែកមួយនៃការចរចា រវាងលីបង់ និងអ៊ីស្រាអែលទេ ដោយហៅវាថា ជា «បញ្ហាផ្ទៃក្នុងរបស់លីបង់»។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងណាមួយដែលអាចធ្វើទៅបាន រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលរួមបញ្ចូលការបញ្ឈប់ការវាយប្រហារលើលីបង់ នឹងក្លាយជា «សន្លឹកបៀដ៏មានប្រៀប» ដើម្បីរារាំងកុំឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តមាន លើប្រទេសនេះ។
គួរបញ្ជាក់ថា សុន្ទរកថារបស់លោក Qassem បានកើតឡើងនៅពេលដែលលីបង់ និងអ៊ីស្រាអែល គ្រោងនឹងធ្វើកិច្ចចរចាជុំទី៣ នៅសប្តាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ប្រទេសទាំង២ ដែលមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា នៅមុននេះ បានធ្វើកិច្ចចរចា ២ជុំ នៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន ក្នុងពេលមានកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញការពិភាក្សាការទូត រវាងភាគីទាំង២៕