អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានបញ្ជាក់នៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះថា សហភាពអឺរ៉ុប (EU) កំពុងមានគម្រោងអញ្ជើញមន្ត្រីតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីមានកិច្ចពិភាក្សាកម្រិតបច្ចេកទេស ស្តីពីទេសន្តរបរ្វេសន៍ និងការបញ្ចូនត្រឡប់ទៅវិញ។
អំឡុងពេលថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃត្រង់របស់គណៈកម្មការ EU ក្នុងទីក្រុងប្រ៊ុចសែល អ្នកនាំពាក្យលោក Markus Lammert បាននិយាយថា អគ្គនាយកដ្ឋានទេសន្តរប្រវេសន៍ និងកិច្ចការផ្ទៃក្នុងរបស់ EU (DG HOME) រួមជាមួយក្រសួងយុត្តិធម៌ស៊ុយអែត បានផ្ញើលិខិតមួយច្បាប់ទៅ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន ដើម្បីស្វែងយល់ពីលទ្ធភាពដែលអាចមានការរៀបចំកិច្ចប្រជុំបន្ត នៅរដ្ឋធានីរបស់បែលហ្ស៊ិក។
លោក Lammert បាននិយាយថា៖ «ខ្ញុំអាចបញ្ជាក់បានថា អគ្គនាយកដ្ឋានទេសន្តរប្រវេសន៍ រួមជាមួយក្រសួងយុត្តិធម៌ស៊ុយអែត បានផ្ញើលិខិតមួយច្បាប់ទៅអាជ្ញាធរជាក់ស្តែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីសាកសួរអំពីលទ្ធភាពដែលអាចមានកិច្ចប្រជុំនៅកម្រិតបច្ចេកទេស នៅក្នុងទីក្រុងប្រ៊ុចសែល»។
លោកបានបន្ថែមថា កិច្ចពិភាក្សាដែលបានគ្រោងទុកនេះ នឹងធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំបច្ចេកទេសពីមុន ដែលបានធ្វើឡើងនៅអាហ្វហ្គានីស្ថានក្នុងខែមករា៕