ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះឆែកឆេរទីតាំងសង្ស័យមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ជាលទ្ធផល នៃប្រតិបត្តិការចុះឆែកឆេរ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស០៩នាក់ ( ចិន០៨នាក់, វ៉ានូអាទូ០១នាក់ ) បានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ ៤១គ្រឿង , laptop ចំនួន០៧គ្រឿង , កាំភ្លើងខ្លី០១ដើម , គ្រាប់កាំភ្លើង ៤៩គ្រាប់ ។
ក្នុងប្រតិបត្តិការដដែលនេះ មុនពេលដែលកម្លាំងអាជ្ញាធរចម្រុះចុះទៅដល់ ក្រុមជនសង្ស័យបានបំផ្លាញវត្ថុតាងពាក់ព័ន្ធមួយចំនួនចោល ដែលជាឧបករណ៍គ្រឿងអេឡិចត្រូនិច បម្រើឲ្យការប្រព្រឹត្តិបទល្មើស Online Scams ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង



