អង្គការសហប្រជាជាតិ(UN) និយាយថា ក្រុមបេសកកម្មការពារសន្តិភាពរបស់ខ្លួននៅប្រទេសលីបង់(UNIFIL) បានរកឃើញសកម្មភាពយោធាទ្រង់ទ្រាយធំ នៅទូទាំងតំបន់ប្រតិបត្តិការរបស់ពួកគេ ចន្លោះថ្ងៃសុក្រសប្តាហ៍មុន និងថ្ងៃចន្ទម្សិលមិញ ។
លោក Farhan Haq គឺជាអ្នកនាំពាក្យ UN និយាយថា ក្រុមអ្នកថែរក្សាសន្តិភាព បានរកឃើញការបាញ់កាំជ្រួចផ្លោង ១.២៩៦គ្រាប់ពីកងកម្លាំងការពារអ៊ីស្រាអែល និងកាំជ្រួចផ្លោង ៦៤គ្រាប់ ពីក្រុមហេសបូឡា ។
លោក Haq និយាយផងដែរថា ឧបទ្ទេវហេតុទំាងនេះ កំពុងរឹតត្បិតសេរីភាពបំលាស់ទីរបស់ក្រុម UNIFIL ។ កាលពីថ្ងៃសៅរ៍កន្លងទៅ រថក្រោះមួយគ្រឿងរបស់អ៊ីស្រាអែល បានរារាំងការធ្វើដំណើររបស់ក្រុម UNIFIL នៅជិតតំបន់ Al-Qawzah ខណៈគ្រឿងចក្រអ៊ីស្រាអែល រឹតត្បិតក្រុមថែរក្សាសន្តិភាពនៅជិតតំបន់ Al-Bayada បង្ខំឲ្យពួកគេវិលត្រឡប់មកវិញ ។
លោក Haq បន្តថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសលីបង់ កាន់តែធ្ងន់ធ្ងរទៅ បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី ១៧ ខែមេសាក៏ដោយ ។
UN បានបញ្ជាក់ម្តងហើយម្តងទៀតថា ភាគីទាំងអស់ក្នុងជម្លោះក្រុមហេសបូឡា-អ៊ីស្រាអែល ត្រូវតែអនុញ្ញាតឲ្យមានការបំលាស់ទីដោយសេរីរបស់កងកម្លាំងថែរក្សាសន្តិភាព UNIFIL ដើម្បីឲ្យពួកគេចុះបំពេញការងារមនុស្សធម៌នៅលីបង់ ។
សូមបញ្ជាក់ថា ការវាយប្រហារជាង ១០០លើកដែលត្រូវបានគេរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅ បានសម្លាប់មនុស្ស ៨៧នាក់ រួមទំាងការសម្លាប់គ្រូពេទ្យបឋម ២នាក់ផងដែរកាលពីថ្ងៃចន្ទ ៕