ខេត្តភាគខាងត្បូង Tierra del Fuego របស់អាហ្សង់ទីន បានធ្វើការធានាឡើងវិញដល់ភ្ញៀវទេសចរថា ទីនេះមានសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត ដោយច្រានចោលថា ខេត្តមួយនេះ មិនមែនជាប្រភពនៃការរីករដាលឆ្លងវីរុសស្លាប់មនុស្ស Hantaនោះទេ ដែលបានវាយប្រហារនាវាកម្សាន្តប្រណីត ធ្លាប់បានចតនៅទីនេះ ។
អាជ្ញាធរសុខភាពក្នុងស្រុកបញ្ជាក់ថា ខេត្ត Tierra del Fuego ពុំបានរកឃើញករណីឆ្លងវីរុស Hantaនោះទេ ។
លោក Juan Petrina គឺជាប្រធានផ្នែករោគរាតត្បាត និងសុខភាពបរិស្ថានខេត្ត Tierra del Fuego និយាយថា អ្នកជំងឺនៅលើនាវាមិនអាចឆ្លងនៅទីនេះបានឡើយ ។
លោក Petrina និយាយថា ការសន្និដ្ឋានបែបនេះ ផ្អែកលើពេលវេលារវាងការធ្វើដំណើររបស់នាវាទៅកាន់ខេត្តរបស់លោក និងពេលដែលចាប់ផ្តើមរោគសញ្ញានៃវីរុស Hanta ។
ដោយឡែក លោក Juan Manuel Pavlov គឺជារដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយបរទេសនៅវិទ្យាស្ថានទេសចរណ៍ Fuegian និយាយថា ការប្រកាសបែបនេះ សំខាន់ខ្លាំងណាស់សម្រាប់ធុរកិច្ចនៅមជ្ឈមណ្ឌលទេសចរណ៍ក្នុងស្រុក ដែលទទួលការសំចតរបស់នាវាកម្សាន្ត ៥០០គ្រឿង នៅកំពង់ផែរបស់ពួកគេ ក្នុងរដូវកាលទេសចរណ៍ ៕