ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានប្រកាសថា នាវាថ្មីដឹកជំនួយមនុស្សធម៌ នឹងចាកចេញទៅកាន់ប្រទេសគុយបា ស្របពេលសម្ពាធកើនឡើងរបស់សហរដ្ឋអាមេរិកលើសេដ្ឋកិច្ចរបស់ពួកគេ ។
អំឡុងសន្និសីទសារព័ត៌មាននាពេលព្រឹក លោកស្រី Sheinbaum និយាយថា ពួកយើងនឹងបន្តបញ្ជូនជំនួយទៅកាន់ប្រទេសគុយបា ។ ម៉ិកស៊ិកតែងតែឈរខាងសាមគ្គីភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសជាមួយគុយបា ។
ការប្រកាសបែបនេះ បានកើតមានឡើង ស្របពេលដែលប្រជាពលរដ្ឋគុយបាប្រឈមនឹងការលំបាកកើនឡើង បន្ទាប់ពីវិធានការជាបន្តបន្ទាប់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសកោះមួយនេះ ។
លោក Trump បានកាត់ផ្តាច់ការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា ក្រោយទីក្រុងវ៉ាស៊ីនតោន ទម្លាក់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolás Maduro ចេញពីអំណាចកាលពីថ្ងៃទី ៣ ខែមករា ។ កាលពីមុន វេណេស៊ុយអេឡា ធ្លាប់ផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន ។
ចាប់តាំងពីពេលនោះមក រដ្ឋបាលរបស់លោក Trump បានចាត់វិធានការបញ្ឈប់ការនាំចេញប្រេងរបស់វេណេស៊ុយអេឡា ទៅកាន់ប្រទេសគុយបា ហើយនិងបានគំរាមប្រទេសផ្សេងទៀតជាមួយនឹងការដំឡើងពន្ធ បើសិនជាពួកគេហ៊ានលក់ប្រេងឲ្យប្រទេសមួយនេះ ៕