នៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះ វិមានក្រឹមឡាំងបញ្ជាក់ជាថ្មីម្តងទៀតនូវការអះអាងរបស់លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលថា សង្គ្រាមនៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ទីក្រុងមូស្គូមិនមានបំណងបញ្ឈប់ជម្លោះនោះទេ។
ពាក់ព័ន្ធនឹងសង្គ្រាម ដែលឥឡូវនេះ ស្ថិតនៅក្នុងឆ្នាំទី៥ ហើយនោះ លោក Putin បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៩ ខែឧសភាថា៖ «ខ្ញុំគិតថា បញ្ហានេះកំពុងឈានដល់ទីបញ្ចប់ហើយ»។
នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់លោក Putin អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការងារត្រីភាគីមួយចំនួន ជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង ដើម្បីឆ្ពោះទៅស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា «ការងារដែលកើនឡើងបន្តិចម្ដងៗ ទាក់ទងនឹងដំណើរការសន្តិភាពនេះ អាចឲ្យយើងនិយាយបានថា ការបញ្ចប់ពិតជាជិតមកដល់មែន» តែលោកបានបន្ថែមថា វាគឺពិបាកណាស់ ក្នុងការផ្តល់ព័ត៌មានលម្អិតជាក់លាក់នៅពេលនេះ។
យ៉ាងណាក្ដី កាលពីថ្ងៃទី១១ ខែឧសភា លោក Zelenskyy បាននិយាយថា «រុស្ស៊ីមិនមានបំណងបញ្ចប់សង្គ្រាមនេះទេ។ ហើយជារឿងគួរសោកស្ដាយណាស់ យើងកំពុងរៀបចំ ដើម្បីត្រៀមទប់ទល់នឹងការវាយប្រហារថ្មីៗ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកោះប្រជុំបើកពិភាក្សាជាច្រើនជុំជាមួយភាគីជម្លោះ ដើម្បីព្យាយាមបញ្ចប់ជម្លោះនេះ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពណាមួយលេចចេញជារូបរាងនៅឡើយទេ។ រុស្ស៊ីដែលឥឡូវនេះកាន់កាប់ប្រហែល ១ភាគ៥នៃដែនដីអ៊ុយក្រែន ចង់ឲ្យទីក្រុងគីវព្រមលះបង់ទឹកដីបន្ថែម។ តែទីក្រុងគីវចង់ឲ្យរុស្ស៊ីដកកងទ័ពចេញ៕