តាកែវ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជៈបណ្ឌិត នុត ស៊ីណាត បានថ្លែងឲ្យដឹងនៅថ្ងៃទី១៧ ខែមីនាថា មន្ត្រីជំនាញបានរកឃើញបុរសម្នាក់ ដែលទើបត្រលប់ពីភ្នំពេញ បានផ្ទុកជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្តថា បុរសដែលផ្ទុកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី ដែលមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ ខែមីនា ហើយត្រូវបានសមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកំដៅឡើងខ្ពស់ ព្រឹកឡើងនៅថ្ងៃទី១៤ បុរសរូបនេះ, គ្រួសារ ប្រពន្ធ និងកូនចំនួន ២ នាក់ ត្រូវបានដឹកយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ ។
លោក បន្តថា មកដល់រាត្រីថ្ងៃទី១៦ មីនា លទ្ធផលសំណាកបុរសម្នាក់នេះ មានរោគសញ្ញាវិជ្ជមានកូវិដ-១៩ ហើយត្រូវបានយកមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយឡែកក្រុមគ្រួសារត្រូវបន្តដាក់អោយធ្វើចត្តាឡីស័ក នៅសណ្ឋាគារសេវែនដេអ៊ីនក្នុងក្រុងដូនកែវ។
នេះជាករណីលើកដំបូង ដែលខេត្តតាកែវ មានអ្នកផ្ទុកជំងឺកូវីដ១៩ បានកើតឡើង ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រមាណ១ឆ្នាំ កន្លងមកនេះ៕