លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin )បាននិយាយកាលពីថ្ងៃអង្គារ ១២ឧសភា សប្ដាហ៍នេះ ថារុស្ស៊ី នឹងដាក់ពង្រាយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ Sarmat ថ្មីរបស់ខ្លួននៅចុងឆ្នាំនេះ ដោយហៅថាជា "មីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក"។

ទូរទស្សន៍រដ្ឋ បានបង្ហាញលោក Sergei Karakayev មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី កំពុងរាយការណ៍ទៅកាន់លោក Putin អំពីអ្វីដែលលោកបាននិយាយថា ជាការបាញ់សាកល្បង មីស៊ីលអន្តរទ្វីបបាលីស្ទីក Sarmat ដោយជោគជ័យកាលពីថ្ងៃអង្គារ។

ការដាក់ពង្រាយមីស៊ីលដែលបានគ្រោងទុក ត្រូវបានផលិតឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ វាយប្រហារគោលដៅចម្ងាយរាប់ពាន់ម៉ាយនៅក្នុងសហរដ្ឋអាមេរិក ឬអឺរ៉ុប បានកើតឡើងបន្ទាប់ពីការពន្យារពេលជាច្រើនឆ្នាំ។
នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ លោក Putin បាននិយាយថា ទិន្នផលក្បាលគ្រាប់ គឺមានទំហំ៤ដង ធំជាងអាវុធដូចគ្នារបស់លោកខាងលិច និងរយៈចម្ងាយលើសពី ៣៥.០០០ គីឡូម៉ែត្រ។
លោកបាននិយាយថា អាវុធថ្មីនេះមានសមត្ថភាពជ្រាបចូលប្រព័ន្ធការពារប្រឆាំងមីស៊ីលដែលមានស្រាប់ និងនាពេលអនាគតទាំងអស់។
ក្រុមអ្នកវិភាគសន្តិសុខលោកខាងលិចនិយាយថា លោក Putin បានអះអាងបំផ្លើសសម្រាប់សមត្ថភាពនៃអាវុធនុយក្លេអ៊ែរជំនាន់ថ្មីមួយចំនួនរបស់រុស្ស៊ី ជាផ្នែកមួយនៃកម្មវិធីទំនើបកម្ម ដែលលោកបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៨ ៕
