លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញភាពវិជ្ជមាន សម្រាប់ការត្រៀមជួបក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៥/២៦ នៅម៉ោង ១១៖១៥នាទីយប់ ត្រូវនឹងម៉ោងនៅកម្ពុជា នារាត្រីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International ខណៈប្រធានក្រុម សឿយ វិសាល បានប្ដេជ្ញាខំប្រឹង ដើម្បីទទួលបានជោគជ័យ ឆ្ពោះទៅបង្កើតប្រវត្តិសាស្ដ្រថ្មីជូនក្លិប និងប្រទេសកម្ពុជា។
លោក McConkey បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបវគ្គផ្ដាច់ព្រ័ត្រនេះថា ក្រុមខ្លួនបានត្រៀមរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរដល់រដ្ឋកូវ៉ែតច្រើនថ្ងៃ ដើម្បីសម្របខ្លួនឲ្យបានល្អ ។ លោកចាត់ទុកនេះគឺជារឿងល្អសម្រាប់ក្រុម ទោះបីក្រុមមានកាលវិភាគដ៏មមាញឹកខ្លាំងរយៈពេលពីរបីខែចុងក្រោយ ។ បន្ថែមលើនេះ លោករំពឹងថា ព្រះខ័នរាជស្វាយរៀង ក៏នឹងអាចផ្ដល់ឲ្យ Kuwait SC នូវបញ្ហា ដែលពួកគេមិនធ្លាប់ជួបពីមុនមក នៅក្នុងការប្រកួតនារាត្រីនេះផងដែរ។
ដោយឡែកកីឡាករ សឿយ វិសាល វិញ បន្ទាប់ពីក្រុមខ្លួនទទួលបានត្រឹមជើងឯករង កាលពីរដូវកាលមុន មិត្តរួមក្រុមទាំងអស់ កំពុងស្រែកឃ្លានជ័យជម្នះ ជាមួយការចង់នាំពានត្រឡប់មកមាតុភូមិវិញ។ ការណ៍នេះ សមាជិកក្រុមបានប្ដេជ្ញានឹងខំប្រឹង ដើម្បីបង្កើតនូវកំណត់ត្រាថ្មីជាមួយក្លិប ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
ចំណែកលោក Nebojsa Jovovic គ្រូបង្វឹកក្រុម Kuwait SC ថា វគ្គផ្ដាច់ព្រ័ត្រនីមួយៗ តែខុសគ្នា និងពិបាក ប៉ុន្ដែក្រុមបានត្រៀមរួចរាល់ ជាមួយទំនុកចិត្តខ្ពស់ សម្រាប់ការប្រកួតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង។ យ៉ាងណាមិញ លោកនៅតែគោរពយ៉ាងពេញលេញ ចំពោះគូប្រជែងរបស់ខ្លួន ដែលបានឡើងមកវគ្គផ្ដាច់ព្រ័ត្រជាថ្មី ហើយក៏ជាក្រុមមួយដ៏ល្អផងដែរ។
ជុំវិញជំនួបលំដាប់ទ្វីបអាស៊ីនេះ បាននឹងកំពុងទាក់ទាញការគាំទ្រជាខ្លាំង ពិសេសអ្នកគាំទ្រកម្ពុជា ហើយក៏មានអ្នកគាំទ្រមួយចំនួន នឹងធ្វើដំណើរទៅទស្សនា និងលើកទឹកចិត្តដល់នៅរដ្ឋធានីកូវ៉ែត ហើយក៏មានអ្នកគាំទ្រជាច្រើន ត្រៀមចូលរួមទស្សនាតាមផ្ទាំង LED ដែលត្រូវបានរៀបចំនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្លិបតំណាងព្រះរាជាណាចក្រកម្ពុជា ហើយក៏សង្ឃឹមថា ពួកគេនឹងអាចធ្វើបាន និងឆ្ពោះទៅបើកទំព័រប្រវត្តិគ្រងជើងឯកពានរង្វាន់អន្ដរជាតិលើកដំបូងទៀតផង៕ អត្ថបទ លី ឈុនឡា


