សម្ព័ន្ធអារ៉ាប់ កាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះការជ្រៀតចូលរបស់កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់(IRGC) ចូលទៅក្នុងកោះ Bubiyan របស់ប្រទេសកូវ៉ែតថា ជា «គំរូដ៏គ្រោះថ្នាក់» និងជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul-Gheit បាននិយាយ ថា៖ «ការជ្រៀតចូលដោយប្រដាប់អាវុធ» គឺជាការកើនឡើងភាពតានតឹងយ៉ាងធ្ងន់ធ្ងរ ហើយឧប្បត្តិហេតុនេះ បង្ហាញពី«ចេតនាដែលបានគ្រោងទុកជាមុន» ដើម្បីធ្វើឲ្យសន្តិសុខក្នុងតំបន់មានអស្ថិរភាព ក្នុងអំឡុងពេលដ៏លំបាកនេះ។

លោក Aboul-Gheit បានទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ជាបន្ទាន់នូវ «សកម្មភាពអរិភាព» ទាំងអស់ប្រឆាំងនឹង បណ្តាប្រទេសអារ៉ាប់។
នាព្រឹកថ្ងៃអង្គារ ក្រសួងមហាផ្ទៃកូវ៉ែត បាននិយាយថា អ្នកជ្រៀតចូលចំនួន ៤នាក់ បានព្យាយាមទៅដល់កោះ Bubiyan ដោយជិះទូកមួយគ្រឿង ហើយត្រូវបានចាប់ខ្លួន នៅថ្ងៃទី ០១ ខែឧសភា ដោយកត់សម្គាល់ថា អ្នកទាំង ៤នាក់ គឺជាសមាជិករបស់កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងទាហានកូ វ៉ែតម្នាក់ បានរងរបួស អំឡុងពេលប៉ះទង្គិចជាមួយពួកគេ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធការអះអាងទាំងនោះថា «គ្មានមូលដ្ឋាន» ដោយនិយាយថា មន្ត្រីអ៊ីរ៉ង់ ៤នាក់ បានចូលទៅក្នុងដែនទឹករបស់ប្រទេសកូវ៉ែត ដោយសារតែការរំខានដល់ប្រព័ន្ធនាវាចរណ៍ ខណៈដែលកំពុងបំពេញបេសកកម្មល្បាតតាមសមុទ្រជាប្រចាំ។ ក្រសួងនេះ បានអំពាវនាវឲ្យអាជ្ញាធរ កូវ៉ែតដោះស្រាយបញ្ហានេះ តាមរយៈបណ្តាញផ្លូវការ និងជៀសវាង «ការអត្ថាធិប្បាយយ៉ាងប្រញាប់ប្រញាល់បែបនេះ»៕