ចិននិយាយនៅថ្ងៃពុធនេះថា ពួកគេស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហើយពួកគេចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នារវាងប្រទេសទាំង ២ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងនាថ្ងៃពុធនេះថា ប្រមុខរដ្ឋទាំង ២ នឹងផ្លាស់ប្តូរទស្សនៈដ៏ស៊ីជម្រៅលើបញ្ហាសំខាន់ៗនៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ។

លោកបន្តថា ចិនចង់ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ស្មារតីសមភាព ការគោរពគ្នា និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងការខ្វែងគំនិតគ្នា ហើយនិងនាំស្ថិរភាព និងភាពច្បាស់លាស់អស្ចារ្យជាងមុន មកកាន់ពិភពលោកដ៏ច្របូកច្របល់ និងមានការផ្លាស់ប្តូរ ។
លោក Trump នឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅយប់ថ្ងៃពុធនេះ សម្រាប់ជំនួបរយៈពេល ២ថ្ងៃជាមួយប្រធានាធិបតីចិនលោក Xi Jinping រួមទាំងពិធីទទួលភ្ញៀវដ៏ធំមួយនៅសាល Great Hall of the People ។
ក្រៅពីវិស័យពាណិជ្ជកម្ម កិច្ចប្រជុំនេះនឹងគ្របដណ្តប់លើប្រធានបទដ៏រសើបជាច្រើន ចាប់ពីសង្រ្គាមអ៊ីរ៉ង់ រហូតដល់ការលក់អាវុធឲ្យកោះតៃវ៉ាន់ គឺជាកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដែលទីក្រុងប៉េកាំង ចាត់ទុកថាជាខេត្តផ្តាច់ខ្លួនរបស់ពួកគេ ៕
