មុនការមកដល់ទីក្រុងប៉េកាំងរបស់ប្រធានាធិបតិសហរដ្ឋអាមេរិកលោក Donald Trump ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ និយាយនៅថ្ងៃពុធនេះថា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ គឺរឹងដូចថ្ម ហើយសមត្ថភាពកម្ទេចពួកបំបែកខ្លួននិយមរបស់ពួកគេ មិនអាចបំបែកបាននោះទេ ។
អ្នកស្រី Zhang Han គឺជាអ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ និយាយនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដែលមិនក្លាយ ហើយនឹងមិនអាចក្លាយជាប្រទេសជាដាច់ខាត ។

បញ្ហារបស់កោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដែលចិនចាត់ទុកថាជាខេត្តផ្តាច់ខ្លួនរបស់ពួកគេ ហើយនិងការលក់អាវុធសហរដ្ឋអាមេរិកឲ្យទីក្រុងតៃប៉ិ ច្បាស់ណាស់ថានឹងត្រូវពិភាក្សា អំឡុងជំនួបរយៈពេល ២ថ្ងៃ ក្នុងសប្តាហ៍នេះ រវាងលោក Trump និងប្រធានាធិបតីចិនលោក Xi Jinping ។
សហរដ្ឋអាមេរិក គឺជាប្រទេសគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាខ្វះខាតទំនាក់ទំនងការទូតផ្លូវការក៏ដោយ ។
កាលពីខែធ្នូ ឆ្នាំមុន រដ្ឋបាលរបស់លោក Trump បានប្រកាសកញ្ចប់លក់អាវុធតម្លៃ ១១ពាន់លានដុល្លារ ដល់កោះតៃវ៉ាន់ ដែលជាកញ្ចប់លក់អាវុធធំបំផុតពុំធ្លាប់មានកាលពីមុន ។
ចិនពុំដែលបោះបង់ចោលម្តងណាឡើយការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងវិញ ប៉ុន្តែពួកគេនិយាយថា ជម្រើសល្អប្រសើរជាងនេះ គឺការបង្រួបបង្រួមគ្នាដោយសន្តិវិធី ៕
