នាយករដ្ឋមន្រ្តីកោះ Greenland និយាយថា ការកើនឡើងវត្តមានរបស់យោធាសហរដ្ឋអាមេរិកនៅដែនដីអាក់ទិកមួយនេះ គឺជាផ្នែកមួយនៃកិច្ចចរចាកំពុងធ្វើឡើងជាមួយទីក្រុងវ៉ាស៊ីនតោន ស្របពេលដែលបំណងរបស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រង ឬធ្វើជាម្ចាស់កម្មសិទ្ធិកោះមួយនេះ នៅតែមាន ។
ការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា អាមេរិកត្រូវតែគ្រប់គ្រងកោះ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាកនោះ បានបង្កឲ្យមានភាពតានតឹងយ៉ាងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុង Nuuk និងទីក្រុង Copenhagen ហើយនិងបណ្តាប្រទេសនៅក្នុងសម្ព័ន្ធយោធាណាតូ ។
នាយករដ្ឋមន្រ្តីកោះ Greenland លោក Jens-Frederik Nielsen និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Copenhagen ថា តាំងពីដំបូងមកម្ល៉េះថា បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ពួកគេមិនគិតថា ពួកយើងធ្វើគ្រប់គ្រាន់ ដើម្បីសន្តិសុខជាតិ ហើយនិងការឃ្លាំមើលនៅក្នុងតំបន់របស់ពួកយើងឡើយ ហេតុដូច្នេះ វត្តមានសន្តិសុខ និងវត្តមានយោធាកាន់តែច្រើននៅតំបន់ Greenland គឺជាផ្នែកមួយនៃកិច្ចពិភាក្សារបស់ពួកយើង ។

ដើម្បីបន្ធូរបន្ថយភាពតានតឹង កាលពីដើមឆ្នាំនេះ កោះ Greenland ដាណឺម៉ាក និងសហរដ្ឋអាមេរិក យល់ព្រមចូលរួមកិច្ចចរចាការទូតកម្រិតខ្ពស់ ដើម្បីដោះស្រាយវិបត្តិ បើទោះបីជាលទ្ធផលនៃកិច្ចចរចាទាំងនេះ ពុំទាន់បង្ហាញក៏ដោយ ។
កោះ Greenland បាននិយាយម្តងហើយម្តងទៀតថា ពួកគេបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការយោធា និងធុរកិច្ចធំទូលាយជាងនេះ ជាមួយសហរដ្ឋអាមេរិក រួមទាំងធនធានរ៉ែ ប៉ុន្តែពួកគេបញ្ជាក់ថា អធិបតេយ្យភាពរបស់ខ្លួន មិនអាចចរចាបានឡើយ ៕
