រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានចោទប្រកាន់លោកខាងលិចថាបានប្រើវិធីសាស្រ្តអសីលធម៌ ដើម្បីរារាំងប្រទេសនានាពីការទិញប្រេងរបស់រុស្ស៊ី។
ប្រមុខការទូតរូបនេះ បានពិពណ៌នាអំពីការដាក់សម្ពាធលើមនុស្សគ្រប់គ្នាមិនឲ្យទិញប្រេងរបស់រុស្ស៊ីថា ជា «វិធីសាស្រ្តគ្មានសីលធម៌»។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RT Indiaថា៖ «ពួកគេអាចត្រូវបានគេហៅថា អាណានិគម ឬអាណានិគមថ្មី ប៉ុន្តែទាំងនេះ គឺជា «វិធីសាស្រ្តនៃការកេងប្រវ័ញ្ច»។

លោក ឡាវរ៉ូវ បានពន្យល់ថា គំនិតនៅពីក្រោយវិធីសាស្រ្តទាំងនោះ គឺធ្វើឲ្យមនុស្សគ្រប់គ្នាទិញប្រេងថ្លៃៗ និងឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិក ជំនួសឲ្យការទិញប្រេងថោកពីរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានអះអាងថា នេះគឺជារបៀបដែលពួកគេកំពុងស្វែងរកការគ្រប់គ្រងពិភពលោក ដោយការគ្រប់គ្រងថាមពលសកល។
លោក ឡាវរ៉ូវ បានបន្តថា ទោះជាយ៉ាងណាក៏ដោយ ពុំមែនគ្រប់គ្នាសុទ្ធតែយល់ព្រមស្ថិតក្រោមសម្ពាធនេះទេ។ យោងតាមលោក ឥណ្ឌាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងម្តងហើយម្តងទៀតថា ខ្លួននឹងមានសេរីភាពក្នុងការកំណត់ថាតើបរិមាណថាមពលអ្វីដែលត្រូវទិញ និងពីអ្នកណា៕
