អ៊ុយក្រែន៖ ទីប្រឹក្សារបស់លោក Zelenskyy បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានពិភាក្សាអំពីការទទួលបានការគាំទ្របន្ថែមទៀតពីសហរដ្ឋអាមេរិក ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីសហរដ្ឋអាមេរិក។

លោក Serhii Nikiforov បាននិយាយថា លោក Zelenskyy បានសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន រួមទាំងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុងមូស្គូ។ លោក Zelenskyy បានជំរុញឱ្យលោក Biden ពង្រឹងសកម្មភាពប្រឆាំងធនាគាររុស្ស៊ី ហាមឃាត់នាវារុស្ស៊ីមិនឱ្យចូលកំពង់ផែសហរដ្ឋអាមេរិក និងដាក់បម្រាមលើការនាំចូលរ៉ែរបស់រុស្ស៊ី។
បន្ទាប់ពីការអំពាវនាវនេះលោក Biden បានយល់ព្រមលើជំនួយយោធាថ្មីដល់អ៊ុយក្រែនរួមមានទាំងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រ ដើម្បីពង្រឹងការការពាររបស់ខ្លួនប្រឆាំងការវាយលុករបស់រុស្ស៊ី នៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ លោក Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីចែករំលែកអាវុធ និងធនធានបន្ថែមទៀត ខណៈជម្លោះនៅតែបន្ត៕
អត្ថបទ៖ ប៊ុនថន