សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានអនុម័តទឹកប្រាក់ចំនួន ៨០០លានដុល្លារជាជំនួយយោធាថ្មីដល់អ៊ុយក្រែន រួមមានកាំភ្លើងធំ និងឧទ្ធម្ភាគចក្រ ដើម្បីពង្រឹងការការពាររបស់ខ្លួនប្រឆាំងការវាយលុករបស់រុស្ស៊ី។

លោក Biden បានប្រកាសផ្តល់ជំនួយថ្មីនេះ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីសម្របសម្រួលការផ្តល់ជំនួយដែលលោកបាននិយាយថា រួមមានទាំងប្រព័ន្ធកាំភ្លើងធំ កាំភ្លើងធំ និងរថពាសដែកក៏ដូចជាឧទ្ធម្ភាគចក្រ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby និយាយថា ជំនួយយោធាថ្មីនេះគឺត្រូវផ្តល់ឲ្យដើម្បីបំពេញតម្រូវការបន្ទាន់របស់អ៊ុយក្រែន សម្រាប់ការប្រយុទ្ធនាពេលបច្ចុប្បន្ននេះ ខណៈកងកម្លាំងរុស្ស៊ីផ្លាស់ប្តូរសកម្មភាពនៃការវាយលុកដ៏ឃោរឃៅរបស់ពួកគេ ដែលពេលនេះទៅកាន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអរគុណដល់សហរដ្ឋអាមេរិក សម្រាប់ជុំថ្មីនៃជំនួយយោធាក្នុងទឹកប្រាក់ ៨០០លានដុល្លារ៕
អត្ថបទ៖ ប៊ុនថន