ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនាយប់ថ្ងៃពុធនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ។
លោកចុះចតអមដំណើរដោយបរិវារ ដែលរួមទាំងប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និងលោក Elon Musk ក្រោយរូបលោកសន្យាថា នឹងជំរុញឲ្យប្រធានាធិបតីចិនលោក Xi Jinping បើកទូលាយចំពោះធុរកិច្ចរបស់សហរដ្ឋអាមេរិក នៅពេលចាប់ផ្តើមជំនួបកំពូលរយៈពេល ២ថ្ងៃ ។
លោក Trump ត្រូវបានស្វាគមន៍ដោយឥស្សរជនចិនជាច្រើនរូប កងឆ្មាំកិត្តិយសដែលមានការរៀបចំយ៉ាងរៀបរយ ហើយនិស្សិតចិននាំគ្នាគ្រវីទង់ជាតិសហរដ្ឋអាមេរិក និងចិន ពេលដែលរូបលោកចុះពីលើយន្តហោះ Air Force One ។
ពេលឈប់ពាក់កណ្តាលផ្លូវនៅលើកម្រាលព្រំ ខណៈដែលក្រុមនិស្សិតស្រែកពាក្យ “ស្វាគមន៍ ស្វាគមន៍ ស្វាគមន៍យ៉ាងកក់ក្តៅ”ជាភាសាចិន លោកបានលើកដៃក្តាប់ និងញញឹមយ៉ាងពព្រាយ មុនពេលចាកចេញទៅកាន់រថយន្តរបស់លោក ។
តាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping លោក Trump នឹងបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ទៅកាន់ប្រទេសចិន ក្នុងរយៈពេលជិត ៩ឆ្នាំកន្លងមកនេះ ហើយនិងជាដំណើរទស្សនកិច្ចលើកទី ២របស់លោក Trump ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ ។
គេរំពឹងផងដែរថា លោក Trump នឹងជំរុញឲ្យចិនបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ ឲ្យបង្កើតកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះ បើទោះបីជារូបលោកនិយាយថា លោកមិនគិតថា នឹងត្រូវការជំនួយពីទីក្រុងប៉េកាំងក៏ដោយ ៕