ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍ ១៤ ឧសភានេះ ថា ទំនាក់ទំនងរបស់ប្រទេសលោកជាមួយប្រទេសចិននឹង «ប្រសើរជាងពេលណាៗទាំងអស់» ខណៈលោកបានអង្គុយពិភាក្សាទល់មុខគ្នាជាមួយសមភាគីចិនរបស់លោក គឺលោក Xi Jinping នៅទីក្រុងប៉េកាំង។

លោក Trump បានទៅដល់រដ្ឋធានីចិនកាលពីថ្ងៃពុធ១៣ ឧសភាសប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧ ។
លោកប្រធានាធិបតីចិន Xi Jinping បានស្វាគមន៍ និងចាប់ដៃលោក Donald Trump លើកម្រាលព្រំក្រហមខាងក្រៅមហាសាលប្រជាជននៅកណ្ដាលរដ្ឋធានីប៉េកាំងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
កិច្ចប្រជុំកំពូលរវាង លោក Xi និង លោក Trump មានគោលបំណងឈានដល់កិច្ចព្រមព្រៀងលើទំនិញកសិកម្ម និងយន្តហោះ និងរក្សាការព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោក។
គួររម្លឹកថាដំណើរនេះត្រូវបានគ្រោងធ្វើឡើងដំបូងសម្រាប់ចុងខែមីនា ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់៕

