សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ក.ប.បខេត្តបាត់ដំបង ដែល និយាយថាជាទុរេនខ្មែរ ខណៈទុរេននោះបាននាំចូលមកពីថៃសោះ ហើយសម្តេចតេជោបានចោទសួរថា មន្រ្តីក.ប.បនោះបានជាប់វិន័យហើយឬនៅ ខណៈអ្នកនាំចូលបានសារភាពនិងជាប់ទោសហើយនោះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោបានបង្ហាញការមិនអស់ចិត្តចំពោះមន្រ្តីត្រួតពិនិត្យក.ប.ប ខេត្តបាត់ដំបង ដែលនិយាយថាទុរេននាំមកពីថៃសោះបែជាហ៊ាននិយាយថាជាទុរេនខេត្តកំពង់ចាមទៅវិញ ហើយសម្តេចបានស្នើ ពិនិត្យដកមន្រ្តីនោះ ដើម្បីជាសារព្រមានដល់មន្រ្តីផ្សេងៗទៀត កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទាំងមហាជន រួមទាំងសម្តេចផង នូវមិនទាន់អស់ចិត្តចំពោះមន្ត្រីដែលប្រកាសថាជាទុរេនកំពង់ចាមនោះ បានជាប់វិន័យហើយនៅ? ខណៈអ្នកនាំចូលបានសារភាពនិងជាប់ទោសហើយនោះ។
សម្តេចតេជោ ក៏បានបញ្ជាឲ្យសួរទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចំពោះមន្ត្រី ក.ប.បនេះផងដែរថា តើមានចំណាត់ការបែបណា? ដោយទុរេននាំមកពីថៃសោះបែជាហ៊ាននិយាយថាយកទៅពីកំពង់ចាមទៅវិញ?។
សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងផងដែរថា សម្តេចជាអ្នកខេត្តកំពង់ចាម ដូច្នេះទុរេនកំពង់ចាមមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទៅខេត្តបាត់ដំបងបានទេ យ៉ាងច្រើនមានក្នុងខេត្តកំពង់ចាម និងនៅត្រឹមភ្នំពេញតែប៉ុណ្ណោះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងបន្ថែមថា៖«សម្តេចតេជោ បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន»៕


